កោះខ្យងជារមណីយដ្ឋានដ៏មានសក្តានុពលទេសចរណ៍ ក្នុងខេត្តកោះកុង

កោះខ្យងជាតំបន់​ទេសចរណ៍​ធម្មជាតិ​ស្រស់ស្អាត​ដ៏មានសក្តានុពល​ទេសចរណ៍​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ​ជាង ១០ គីឡូម៉ែត្រ​ពីទីរួមស្រុក​ស្រែអំបិល។

កោះ​ខ្យង​គឺជា​ប្រជុំកោះ​តូចៗ​ចំនួន ៣ ជាប់ៗគ្នា ដែលរំលេច​ខ្លួននៅលើ​ផ្ទៃសមុទ្រ​យ៉ាងស្រស់ស្អាត។ ដើមដូង​ខ្ពស់ទាប​ជាច្រើនបានដុះ​ដេរដាស​នៅលើ​កូនកោះ​ទាំងនេះ ទឹកសមុទ្រ​ថ្លាឈ្វេង អមដោយ​ខ្យល់អាកាស​បរិសុទ្ធ គឺជា​បរិយាកាស​ដែលស័ក្តិសម​សម្រាប់​ការបោះតង់​សម្រាក​លម្ហែ។ ក្រៅពីការ​សម្រាក​លម្ហែនិង​គយគន់​ទេសភាព​ធម្មជាតិ​នៅកោះខ្យង ភ្ញៀវទេសចរ​ក៏អាច​ទស្សនា​ចម្ការ​ផ្លែឈើ​ធម្មជាតិ រួមមាន​ចម្ការ​ទុរេននិងសាវម៉ាវ​រាប់សិប​ហិកតា ដែលដាំដុះ​នៅក្នុង​សហគមន៍​ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កោះខ្យងក៏ជា​ទីកន្លែង​មួយដែល​សម្បូរ​ទៅដោយ​គ្រឿងសមុទ្រ មានដូចជា​បង្គារ ក្តាម មឹក បង្កង និង ត្រីសមុទ្រ​ជាច្រើន​ទៀត។

ដើម្បី​ទៅដល់​កោះខ្យង​ ​អ្នកទេសចរ​អាចធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ផ្លូវភក់​ប្រមាណ ១ គីឡូម៉ែត្រ ដែលមាន​ទេសភាព​ដើមកោងកាង​យ៉ាងស្រស់ត្រកាល​ដុះអម​សងខាងផ្លូវ និងជម្រើស​​មួយ​ទៀត​គឺការធ្វើដំណើរ​តាមទូក​ចេញពី​ផ្ទះប្រជា​សហគមន៍៕

你可能还喜欢