ក្រសួងអប់រំនឹងប្រើប្រាស់ AI ក្នុងការបង្រៀន ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនិងបន្ទប់រៀន

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បានប្រកាស​ថាក្រសួង​អប់រំ​នឹងដាក់ឱ្យ​ប្រើប្រាស់​សាលា​ឌីជីថល​កម្ពុជា ដែលនឹង​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះគ្រូ​និងបន្ទប់រៀន និងជួយ​ឱ្យសិស្ស​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ទាន់ពេលវេលា ឈានទៅរក​គុណភាព​អប់រំ​ទាន់និន្នាការ​សកល។

លោក ហង់ជូន ណារ៉ុន បានថ្លែង​ក្នុងសន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង កីឡា​ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅ​ឆ្នាំបន្ទាប់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្រសួង​អប់រំ​នឹងដាក់ឱ្យ​ប្រើប្រាស់​សាលា​ឌីជីថល​នៅថ្ងៃនេះ ដើម្បី​ឆ្លើយតប​នឹងការ​ប្រែប្រួល​យ៉ាងឆាប់រហ័ស​នៃបច្ចេកវិទ្យា AI មកលើ​ប្រព័ន្ធ​អប់រំ​នៅក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ខាងមុខ។

លោកបានលើកឡើងថា ការប្រើប្រាស់ AI ក្នុងប្រព័ន្ធ​អប់រំ នឹងជួយ​កែលម្អ​នូវគុណភាព​អប់រំ​នៅកម្ពុជា ដើម្បី​ឱ្យយុវជន​នៅកម្ពុជា​អាចទទួល​បាននូវ​បំណិន​ឌីជីថល​និងបំណិន AI ដោយគ្រាន់តែ​ប្រើប្រាស់​ទូរសព្ធដៃ​ដើម្បី​ធ្វើការ​សិក្សា ហើយកាត់បន្ថយ​នូវការ​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​រឹងដែលមាន​តម្លៃ​ខ្ពស់។

លោក ហង់ជូន ណារ៉ុន បានបន្ថែមថា កន្លងទៅ​ក្រសួង​បានបញ្ជ្រាប​ការបណ្ដុះបណ្ដាល​ពីការ​ប្រើប្រាស់ AI នៅតាម​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​គ្រូនិង​សាលារៀន​ជំនាន់ថ្មី​រួចហើយ ខណៈ​កំពុង​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​បរិញ្ញាបត្រ AI, Cyber Security និង វិទ្យាសាស្ត្រ​ទិន្នន័យ​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ បន្ថែមលើនេះ ថ្នាលបច្ចេកវិទ្យា AI មួយ​ដែលអាច​ឱ្យយុវជន​កម្ពុជា​ចូលប្រើប្រាស់ ក៏បាន​រៀបចំ​ហើយផងដែរ។

កន្លងទៅ​ក្រសួង​អប់រំ​បានដាក់ឱ្យ​អនុវត្តនូវ​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន ក្នុងគោលដៅ​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល ការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា ការផ្សព្វផ្សាយ​កម្មវិធីតម្រង់ទិស​សិក្សា ដោយបាន​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការបណ្ដុះ​បណ្ដាល​នេះជាច្រើន ដែលជា​ជោគជ័យ​មួយក្នុងការ​ផ្លាស់មក​ចាប់ប្រព័ន្ធ​ឌីជីថល​ក្នុងពេល​មានឆ្លង​ជំងឺ​រាតត្បាត​កូវីដ-១៩។

ជាលទ្ធផល ថ្នាលអភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​ជាប្រចាំ​បង្កើត​បានវគ្គសិក្សា​ចំនួន ១០ វគ្គ និងមាន​អ្នកប្រើប្រាស់ ២៤ ៥៦៩ នាក់ ក្នុងនោះ​ស្រី ១២ ០០៣ នាក់។ ​អ្នកប្រើប្រាស់​ថ្នាលសាលា​ឌីជីថល​មានចំនួន ៩៦ ២៦០ នាក់ សាលារៀន​ចំនួន ​៤៨៥ សាលា។ អ្នកប្រើប្រាស់​កម្មវិធី «ត្រីវិស័យ» មានចំនួន ១២៤ ៥៣៩ គណនី និងមាន​អ្នកចូល​ទស្សនា​ចំនួន ៤៤៣ ៨០៧ ដង។ កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត (BEEP) មានអ្នកបានបញ្ចប់ការសិក្សាចំនួន ៤៨២ នាក់ ក្នុងនោះ​ស្រី ៤០%៕

你可能还喜欢

评论被关闭。