សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ​រដ្ឋាភិបាល​ចិន ដែលតែងតែ​ជួយគាំទ្រ​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា

នាព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ីន លី (Yin Li) សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន និងជា​លេខាធិការបក្ស​នៃគណៈកម្មកាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ប្រចាំ​រដ្ឋធានី​ប៉េកាំង នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក អ៊ីន លី បានកោតសរសើរ​និងបង្ហាញនូវ​ចំណាប់​អារម្មណ៍​ជាខ្លាំង ចំពោះ​ការរីកចម្រើន​យ៉ាងឆាប់​រហ័ស​លើគ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស​ការបន្ត​រក្សា​បាននូវ​សន្ដិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និង ការធ្វើឱ្យ​ប្រសើរឡើង​នូវកម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន។ លោកជឿជាក់ថា ក្រោមការ​ដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត សេដ្ឋកិច្ច​កម្ពុជា​នឹងបន្ត​រីកចម្រើន​​និងកាន់តែ​ខ្លាំងក្លា​ថែមទៀត។

លោកបាន​វាយតម្លៃខ្ពស់​ចំពោះ​ចំណង​មិត្តភាព​ជាប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ភាពរីកចម្រើន​នៃទំនាក់​ទំនង​គ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ចិន-កម្ពុជា ក្នុងក្របខណ្ឌ​រដ្ឋ​ បក្ស និង ប្រជាជន។

លោក អ៊ីន លី ក៏បាន​ឱ្យដឹង​ផងដែរ​អំពី​គោលបំណង​នៃដំណើរ​ទស្សនកិច្ច​របស់​លោក និង​​គណៈប្រតិភូ​នាពេលនេះ គឺដើម្បី​ចូលរួម​អនុវត្ត​ឱ្យកាន់តែ​ស៊ីជម្រៅ និងខ្លាំងក្លា​ថែមទៀត​នូវរាល់​ការឯកភាព​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃប្រទេស​ទាំងពីរ និងការ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង។  លោកក៏បាន​គូសបញ្ជាក់ថា រដ្ឋធានី​ប៉េកាំង​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខេត្តសៀមរាប និង បណ្ដា​រដ្ឋបាល​ខេត្តផ្សេងៗទៀត​ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ពេញចិត្ត និងវាយតម្លៃខ្ពស់​ចំពោះ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​គ្រប់កម្រិត និងកិច្ចហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាង​​កម្ពុជា​និងចិន។ សម្តេចក៏បាន​អរគុណ​រដ្ឋាភិបាល​ចិន ដែលតែងតែ​ជួយគាំទ្រ​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា និងអរគុណ​ចំពោះ​វិនិយោគិនចិន​ដែលកន្លងមក​បានបណ្ដាក់​ទុនវិនិយោគ​ជាច្រើន​នៅកម្ពុជា រួមមាន​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ការកសាង​ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ និង ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម។

ក្នុងឱកាស​នៃជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក អ៊ីន លី ក៏បាន​ពិភាក្សា​អំពី​ការបន្ត​ពង្រឹង​និងពង្រីក​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន​លើវិស័យ​សក្ដានុពល​ជាច្រើន រួមមាន​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា​ឌីជីថល វប្បធម៌-សិល្បៈ ទេសចរណ៍ និង ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និងប្រជាជន។

លោក អ៊ីន លី ដឹកនាំ​គណៈប្រតិភូ​បក្សកុម្មុយនីស្ត​ចិន​មកបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា គឺតបតាម​ការអញ្ជើញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

你可能还喜欢

评论被关闭。