លោក វង្ស ពិសេន ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក រ៉ូណាល់ ខ្លាក
នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (USARPAC) នៅអគ្គបញ្ជាការដ្ឋាន រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក រ៉ូណាល់ ខ្លាក នាពេលនេះថា ជាបេសកកម្មដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-សហរដ្ឋអាម៉េរិកនាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកមកកម្ពុជា ការចូលចតនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ក៏ដូចជាកងយោធពលខេមរភូមិន្ទកម្ពុជា បានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានា ដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាម៉េរិកជាដើម។
លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍ឆ្នាំ៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួន ដូចជាកងទ័ព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល បោសសម្អាតមីន មនុស្សធម៌ និង ការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជាជាដើម។
លោក វង្ស ពិសេន សង្ឃឹមថាសហរដ្ឋអាម៉េរិកបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព កិច្ចសន្ទនារវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ការបង្កើនវគ្គបណ្តុះបណ្តាលបណ្ឌិតសភាយោធាតាមបណ្តាប្រភេទទ័ព រួមទាំងវគ្គទំនាញមួយចំនួនទៀត។ ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរភាគីអាម៉េរិកពិនិត្យនិងពិភាក្សា ពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការផ្លាស់ប្តូរព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និង ការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាម៉េរិកបាត់ខ្លួននៅកម្ពុជា។
ជាការឆ្លើយតប លោក រ៉ូណាល់ ខ្លាក បានសន្យាថា នឹងពាំនាំនូវសំណូមពររបស់ភាគីកម្ពុជាទៅពិភាក្សា ក្នុងនោះផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ និង ការប្រយុទ្ធប្រឆាំងភេរវកម្មជាដើម។ ចំពោះការធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ សហរដ្ឋអាម៉េរិកបានធ្វើការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសហរដ្ឋអាម៉េរិក-កម្ពុជាបន្ថែមទៀត៕
评论被关闭。