សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងទ័ពជើងគោកអាម៉េរិកប្រចាំប៉ាស៊ីហ្វិក រ៉ូណាល់ ខ្លាក

នារសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. CLARK) មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋអាម៉េរិក​ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក រ៉ូណាល់ ខ្លាក បានសម្ដែងនូវ​ក្ដីសោមនស្ស​រីករាយ​ដែលបាន​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ជាថ្មី​ម្ដងទៀត​នៅកម្ពុជា និងបាន​ជម្រាបជូន​សម្ដេចធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃជំនួប​រវាង​លោកនិង​នាយឧត្តមសេនីយ៍ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក។

លោកបាន​សង្កត់ធ្ងន់​ពីសារៈសំខាន់​នៃទំនាក់​ទំនង​រវាង​ប្រជាជន​និងប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អរវាង​កងទ័ព​និងកងទ័ព​នៃប្រទេស​ទាំងពីរ ព្រមទាំង​បានគូសបញ្ជាក់​ថា សហរដ្ឋអាម៉េរិក​ចង់ឃើញ​ការរីកចម្រើន​នៅក្នុង​ទំនាក់​ទំនងនេះ ជាពិសេស​ទំនាក់​ទំនង​រវាង​កងទ័ព​សហរដ្ឋអាម៉េរិក-កម្ពុជា។

លោក រ៉ូណាល់ ខ្លាក ក៏បាន​សម្ដែងនូវ​ការចាប់​អារម្មណ៍​និងវាយតម្លៃខ្ពស់​ចំពោះ​កម្ពុជា ដែលបាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុងបេសកកម្ម​ថែរក្សា​សន្ដិភាព តាមរយៈ​ការបញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ (UN) នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​លើពិភពលោក។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយ​តម្លៃខ្ពស់​ចំពោះ​លទ្ធផល​ដ៏ល្អ​នៃជំនួប​រវាង​បញ្ជាការ​ដ្ឋានកងទ័ព​ជើងគោគ​ កងយោធពល​ខេមរភូមិន្ទ​ក្រកម្ពុជា ជាមួយ​គណៈប្រតិភូ​កងទ័ព​ជើងគោក​សហរដ្ឋអាម៉េរិក។ សម្ដេច​បានសង្កត់ធ្ងន់​ថា ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជាញឹកញាប់​ រវាង​កងទ័ព​និងកងទ័ព ក៏ដូចជា​ការបន្ដ​កិច្ចសហប្រតិបត្តិការ​ឡើងវិញ​លើសកម្មភាព​មួយចំនួន ដូចជា​ការបណ្ដុះ​បណ្ដាល​ជាដើម​នាពេល​កន្លងមក បានឆ្លុះ​បញ្ចាំង​ពីភាព​រីកចម្រើន​នៃទំនាក់​ទំនង​ប្រទេស​ទាំងពីរ។

សម្ដេចធិបតី​បានថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាម៉េរិក ដែលបាន​ផ្ដល់ការ​គាំទ្រ​កម្ពុជា​ក្នុងសកម្មភាព​បោសសម្អាត​មីននិង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ដោយសម្តេច​បានគូស​បញ្ជាក់ថា ពីមុន​កម្ពុជា​ធ្លាប់ជា​ប្រទេស​ទទួលយក​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ តែពេលនេះ​កម្ពុជា​បានប្រែក្លាយ​ទៅជា​ប្រទេស​ដែលបញ្ជូន​កងកម្លាំង ដើម្បី​ចូលរួម​ក្នុងបេសកកម្ម​ថែរក្សា​សន្តិភាព​នៅតាម​បណ្ដា​ប្រទេស​លើពិភពលោក​វិញ។

ឆ្លៀតក្នុង​ឱកាស​នៃជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​លើកទឹកចិត្ត​ឱ្យកងទ័ព​ជើងគោក​សហរដ្ឋអាម៉េរិក បន្ត​ទំនាក់​ទំនង​ឱ្យកាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ និងកងយោធពលខេមរភូមិន្ទ​កម្ពុជា ដើម្បី​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​កងទ័ព​កម្ពុជា-សហរដ្ឋអាម៉េរិក​ឱ្យកាន់តែ​ល្អប្រសើរ៕

你可能还喜欢

评论被关闭。