កម្ពុជាបង្កើតគណៈកម្មាធិការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈកម្មាធិការ​ចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាជាប្រធាន​ដឹកនាំ​ផ្ទាល់។

យោងតាម​សេចក្តី​សម្រេច​ស្តីពី ការបង្កើតគណៈកម្មាធិការ​ចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប.) របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គ.ប.ឆ.ប. មានភារកិច្ច​ដាក់ចេញ​វិធានការ​ក្នុងការ​បង្ការ ទប់ស្កាត់ និង បង្ក្រាប​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។ ផ្តល់ការ​ណែនាំ សម្របសម្រួល គាំទ្រ និង អន្តរាគមន៍​ចាំបាច់​នានា ដើម្បី​ជំរុញ​ការអនុវត្ត​របស់​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោមជាតិ និង សមត្ថកិច្ច​ដែលពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្ត​របស់​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោមជាតិ និង សមត្ថកិច្ចដែលពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា។ ធ្វើសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដើម្បីប្រយុទ្ធ​ប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា។ អនុវត្ត​ភារកិច្ចផ្សេងៗ​ទៀតតាមការ​ចាំបាច់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃការប្រយុទ្ធ​ប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា។

គ.ប.ឆ.ប. មានអនុប្រធាន​ចំនួន ៨ រូប រួមមាន​លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ ប្រាក់ សុខុន  លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស សុខា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ សីហា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កើត រិទ្ធ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ក្នុងនោះលោក ឆៃ ស៊ីណា ជាអនុប្រធាន​ប្រចាំការ និងមាន​​សមាជិក​ចំនួន ១៦ រូបផ្សេងទៀត​ដែលមាន​សមាសភាព​មកពីក្រសួង (រដ្ឋមន្ត្រី រដ្ឋលេខាធិការ) ​កងយោធពលខេមរភូមិន្ទ ​នគរបាលជាតិ កងទ័ព​ជើងគោក កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម គណៈកម្មការ​គ្រប់គ្រង​ល្បែងពាណិជ្ជកម្ម​កម្ពុជា និង រដ្ឋបាល​រាជធានី-ខេត្ត៕

你可能还喜欢

评论被关闭。