លោស្រី ជា សិរី ស្វាគមន៍និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្រាវជ្រាវរបស់ UNDP ប្រចាំកម្ពុជា
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសម្តែងនូវការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលស្រាវជ្រាវរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ស្តីពីឥទ្ធិពលដុល្លារូបនីយកម្មនិងការផ្ទេរប្រាក់នៅកម្ពុជា។
ក្នុងឱកាសនៃជំនួបជាមួយក្រុមអ្នកស្រាវជ្រាវរបស់ UNDP ប្រចាំកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត Ivan Gonzalez de Alba សេដ្ឋវិទូជាន់ខ្ពស់ នៃ UNDP នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ រាជធានីភ្នំពេញ លោកស្រី ជា សិរី បានកោតសរសើរដល់លទ្ធផលស្រាវជ្រាវរបស់ UNDP ប្រចាំកម្ពុជា ដែលសមិទ្ធផលប្រកបដោយផ្លែផ្លានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងលំហូរសាច់ប្រាក់ និងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។
លោកស្រី ជា សិរី ក៏បានថ្លែងអំណរគុណ UNDP ប្រចាំកម្ពុជាចំពោះកិច្ចការស្រាវជ្រាវដ៏មានសារៈសំខាន់នេះ និងបានឯកភាពធ្វើការផ្សព្វផ្សាយរួមគ្នានូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ UNDP ជូនដល់ភាគីពាក់ព័ន្ធផងដែរ។
ការស្រាវជ្រាវទាំងពីររបស់ UNDP ប្រចាំកម្ពុជារួមមាន៖ (១) ដុល្លារូបនីយកម្មនិងផលប៉ះពាល់លើវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និង កាបូបនៅកម្ពុជា។ (២) ការបង្កើនឱ្យដល់កម្រិតអតិបរមានៃលំហូរការផ្ទេរប្រាក់ពីប្រទេសថៃមកកម្ពុជា៖ ឧបសគ្គនិងអនុសាសន៍ដើម្បីជំរុញការផ្ទេរប្រាក់តាមរយៈប្រព័ន្ធឌីជីថល។
គណៈប្រតិភូ UNDP ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវទាំងពីរក្នុងឱកាសនៃជំនួបនោះផងដែរ៕
评论被关闭。