មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert បើកដំណើរការជាផ្លូវការ

មជ្ឈមណ្ឌល​កែច្នៃ​និងនវានុវត្តន៍ និងមន្ទីរ​ពិសោធន៍​ត្រួតពិនិត្យ​គុណភាព Labiocert របស់ក្រុមហ៊ុន ប៉េប៉េអឹម និងខនហ្វីរែល បានសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

ថ្លែងក្នុង​ពិធី​សម្ពោធនេះ លោកស្រី ចម និម្មល បានមានប្រសាសន៍ថា មជ្ឈមណ្ឌល​កែច្នៃ ​និងអភិវឌ្ឍ​ម្ហូបអាហារ និង​មន្ទីរ​ពិសោធន៍ Labiocert នឹងចូលរួម​ចំណែក​ជាច្រើន​ក្នុងការ​លើកកម្ពស់​ការកែច្នៃ​ និងពង្រឹង​គុណភាព​ម្ហូបអាហារ ក៏ដូចជា​ផលិតផល​ខ្មែរទាំងមូល។ គុណភាព​ចំណី​អាហារ​ពិតជា​មានសារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ផ្ដល់នូវ​សេចក្ដី​ទុកចិត្ត​ដល់ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួលទាន ជាពិសេស​ការអភិវឌ្ឍ​ម្ហូបអាហារ​ប្រកបដោយ​គុណភាព ជាលក្ខខណ្ឌ​ចាំបាច់​មួយដើម្បី​ផ្ដល់ជូន​អ្នកប្រើប្រាស់​នូវជម្រើស​ផលិតផល​ម្ហូបអាហារថ្មីៗ មានគុណភាព​ខ្ពស់ និង​រសជាតិ​ឆ្ងាញ់​សម្រាប់​ទទួលទាន​ប្រចាំថ្ងៃ និងអាច​ឈានទៅ​ដល់ការ​នាំចេញ​ទៅទីផ្សារ​អន្តរជាតិ ដើម្បី​ឱ្យពិភពលោក​បានស្គាល់នូវ​សិល្បៈ​នៃការ​ធ្វើម្ហូប​របស់ខ្មែរ និងទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទទួលយក​បទពិសោធន៍​ម្ហូបអាហារ​ដោយផ្ទាល់​នៅកម្ពុជា​ផងដែរ។

លោកស្រី ចម និម្មល បានចែក​រំលែក​ទស្សនៈ​ផ្ទាល់ខ្លួន និងផ្តល់នូវអនុសាសន៍​មួយចំនួន ដើម្បី​ចូលរួម​លើកស្ទួយ​ការកែច្នៃ​និងអភិវឌ្ឍ​ម្ហូបអាហារ​និងផលិតផល​កម្ពុជា៖

១. លើកទឹកចិត្ត​ដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ អ្នកផលិត អ្នកកែច្នៃ និង អាជីវករ ចាប់យក​ឱកាស​នេះដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​ម្ហូបអាហារ​របស់​យើងឱ្យបាន​កាន់តែ​ប្រសើរ និងមាន​ភាពទាក់ទាញ​កាន់តែ​ខ្លាំងឡើង។

២. លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងក្នុង​និងក្រៅ​ប្រទេស និងសាកលវិទ្យាល័យ​និងគ្រឹះស្ថាន​ស្រាវជ្រាវ​នានា ក្នុងការ​សិក្សា​ស្រាវជ្រាវ​វិធី​សាស្រ្តថ្មីៗ ការលើក​កម្ពស់​គុណភាព និង ការបង្កើន​ការទទួលស្គាល់​ជាលក្ខណៈ​អន្តរជាតិ។

៣. លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​ចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា ទាំងម៉ាក គំនូរ​ឧស្សាហកម្ម ប្រកាស​នីយបត្រ​តក្កកម្ម ឬសិទ្ធិ​អ្នកនិពន្ធ ដើម្បី​ការពារ​នូវកិច្ចខិតខំ​ប្រឹងប្រែង​និងរបក​គំហើញ​ថ្មីៗ​ដែលក្រុមហ៊ុន​បានរកឃើញ។

៤. លើកទឹកចិត្ត​ឱ្យសហការ​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​ជំរុញការ​នាំចេញ​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ទទួលបាន​ព័ត៌មាន​និងលក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​នាំចូល និងឱកាស​ក្នុងការ​ចាប់ដៃគូ​ពាណិជ្ជកម្ម និងការ​បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

៥. លើកទឹកចិត្ត​ឱ្យចូលរួម​ឱ្យបាន​សកម្ម​នូវរាល់​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម វេទិកា​ធុរកិច្ច និង បេសកកម្ម​ពាណិជ្ជកម្ម​នានា ដែលក្រសួង​ពាណិជ្ជកម្ម​រៀបចំ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​អំពី​កិត្តិនាម​ផលិតផល​កម្ពុជា និងស្វែងរក​កាលានុវត្តភាព​ធុរកិច្ច​និងវិនិយោគ​ថ្មីៗ​បន្ថែមទៀត៕

你可能还喜欢

评论被关闭。