សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយជាមួយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន លោក អ៊ីន លី
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក អ៊ីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃរដ្ឋធានីប៉េកាំង នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក អ៊ីន លី បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់។ លោកបានអះអាងជាថ្មីថា ទោះពិភពលោកស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងមានការប្រែប្រួលយ៉ាងណាក៏ដោយ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេនដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និង ជាអ្នកគាំទ្រដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា។ សម្ដេចបានអរគុណចិនដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទនិងលក្ខណៈដោយឡែករបស់កម្ពុជា រួមទំាងផ្តល់នូវជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ដែលបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។
សម្តេចតេជោមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្សនិងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹងចូលរួមចំណែកដល់ការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ៕
评论被关闭。