សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន លីវ ចុងអ៊ី

នាព្រឹក​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក លីវ ចុងអ៊ី (Liu Zhongyi) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃសាធារណរដ្ឋ​ប្រជាមានិតចិន នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក លីវ ចុងអ៊ី បានវាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុងវិស័យ​សន្ដិសុខ។ លោកបាន​កោតសរសើរ​សម្ដេចធិបតី​ដែលបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ គោលនយោបាយ និង គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ជាច្រើន​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ សម្រាប់​ការងារ​អភិបាលកិច្ច​ប្រទេស និងបាន​បង្ហាញនូវ​ជំនឿ​ជឿជាក់ចំពោះ​សម្តេចធិបតី ក្នុងការ​ដឹកនាំប្រទេស​កម្ពុជា​​ឱ្យបន្ត​សម្រេចបាន​នូវការ​អភិវឌ្ឍ​និងរីកចម្រើន​លើគ្រប់​វិស័យនៅពេលអនាគត។

លោក លីវ ចុងអ៊ី ក៏បាន​គូសបញ្ជាក់​ផងដែរថា ភាគី​ចិនរីករាយ​ក្នុងការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ចិន-កម្ពុជា ឱ្យកាន់តែ​ខ្លាំងក្លា​ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​បានគូស​បញ្ជាក់​ពីលទ្ធផល​ជាច្រើន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន ជាពិសេស​លើវិស័យ​សន្ដិសុខ។ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ប្ដេជ្ញា​បន្ត​រក្សា​សន្តិភាព និងធានា​សន្តិសុខ​និងសុវត្ថិភាព​ជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី​បានលើកទឹកចិត្ត​ក្រសួង​និងស្ថាប័ន្ធ​ពាក់ព័ន្ធ​នៃប្រទេស​ទាំងពីរ បន្ត​កិច្ចសហប្រតិបត្តិការ​ ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាពិសេស​លើការ​កសាង​សមត្ថភាព​និងការផ្លាស់ប្ដូរ​ព័ត៌មាន៕

你可能还喜欢