សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានីនិងអាស៊ីអាគ្នេយ៍ Mehmet CELEPOGLU

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Mehmet CELEPOGLU អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូសេអានី​និងអាស៊ីអាគ្នេយ៍ នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប​ លោក Mehmet CELEPOGLU បានជម្រាប​ជូនសម្ដេចធិបតី​អំពី​ប្រតិបតិ្តការ​អាជីវកម្ម​របស់​ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការ​អាជីវកម្ម​និងចក្ខុវិស័យ​នាពេល​អនាគត​ប្រកបដោយ​ភាពវិជ្ជមាន​របស់​ក្រុមហ៊ុន TotalEnergies នៅ​កម្ពុជា។ លោកក៏បាន​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​ស្ថានភាព​​វិនិយោគ​នៅកម្ពុជា​ និងបង្ហាញពី​ចំណាប់​អារម្មណ៍​អំពី​ការដាក់ចេញ​នូវគោលនយោបាយ និងគំនិត​ផ្ដួចផ្ដើម​ល្អៗ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​លើការ​កែទម្រង់​ពន្ធដា ដែលជា​កម្មវិធី​កែទម្រង់​គាំទ្រ​ដល់ការ​ប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព​និងស្មើភាព។

ជាការ​ឆ្លើយតប សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន TotalEnergies ក្នុងការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​នៅកម្ពុជា និងបាន​គូសបញ្ជាក់​ពីការដាក់ចេញ​នូវគោលនយោបាយ​ទាក់ទាញ​ការវិនិយោគ និងការ​លើកទឹកចិត្ត​ផ្សេងៗ​ដែលដាក់ចេញ​ដោយរាជរដ្ឋាភិបាល។ សម្ដេច​បានសង្កត់ធ្ងន់​ថា កត្តា​ទាំងនេះ​គឺជា​កិច្ចការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល ដែលចាំបាច់​ត្រូវតែ​ធានា​នូវបរិយាកាស​វិនិយោគ​មួយដែល​អំណោយផល​សម្រាប់​វិនិយោគិន ការធានា​នូវភាពជោគជ័យ​និងការលើក​ទឹកចិត្ត​ដល់វិនិយោគិន​ដែលកំពុង​វិនិយោគ​នៅកម្ពុជា ក៏ដូចជា​ធានា​និងពង្រឹង​ភាពប្រកួត​ប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់​និងអន្តរជាតិ។

សម្ដេចធិបតី​បានលើក​ទឹកចិត្ត​ដល់ក្រុមហ៊ុន TotalEnergies បន្ត​ផ្សារភ្ជាប់​ទំនាក់​ទំនង និងធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ភាពជោគជ័យ​និងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ក្រុមហ៊ុន​ឱ្យកាន់តែ​ប្រសើរឡើង៕

你可能还喜欢