គម្រោងវិនិយោគចំនួន ១៤ ជាមួយទុនជិត ៨០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសវិនិយោគក្នុងខេត្តព្រះសីហនុ

ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ​បានសម្រេច​ជាគោលការណ៍ ផ្តល់ការ​លើកទឹកចិត្ត​ពិសេស​ដល់គម្រោងចំនួន ១៤ បន្ថែមទៀតនៅក្នុង​ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ​សរុប​ប្រមាណ ៧៩ លាន​ដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​ប្រមាណ ២ ២៦៦ កន្លែង។

ក្នុងចំណោម​គម្រោង​ទាំង ១៤ មានគម្រោង​ពាក់ព័ន្ធ​នឹងអគារ​ជាប់គាំង​ចំនួន ៦ គម្រោង​ពុំពាក់ព័ន្ធ​នឹងអគារ​ជាប់គាំង​និងជាគម្រោង​ថ្មីចំនួន ៤  និង គម្រោង​ពង្រីក​ចំនួន ៤។

នេះបើយោងតាម​លទ្ធផល​ប្រជុំលើកទី១៤ របស់​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំ​ប្រជុំ​ដោយលោកបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ។ អង្គប្រជុំ​បានដាក់ចេញ​ក្របខណ្ឌ​តាមដាន ពិនិត្យ និង ជំរុញ​ការអនុវត្ត​គម្រោង​​វិនិយោគ​និងធុរកិច្ច​សម្រាប់​ឆ្នាំ២០២៥។

គិតត្រឹម​ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ បានសម្រេច​ជាគោលការណ៍​ផ្តល់ការ​លើកទឹកចិត្ត​ដល់គម្រោង​ចំនួន ២៦៩ គម្រោង ដែលមាន​ទុនវិនិយោគ​ប៉ាន់ស្មាន​សរុប​ចំនួន ៦,៦៦៩ ប៊ីលាន​ដុល្លារ។ ក្រុមការងារ​បាននិង​កំពុងតែ​បំពេញ​ភារកិច្ច​ស្នូលសំខាន់ចំនួន ២ គឺបន្ត​តាមដាន ត្រួតពិនិត្យ និង ជំរុញ​ការអនុវត្ត​គម្រោង​ទាំង ២៦៩ គម្រោង និងធ្វើការ​សម្របសម្រួល​ការផ្តល់​ការលើកទឹកចិត្ត​ជាក់ស្តែង និង ដោះស្រាយ​បញ្ហា​ប្រឈម​និងសំណូមពរ​របស់​ម្ចាស់គម្រោង។

ក្រុមការងារ​បានសម្រប​សម្រួល​ផ្តល់លិខិត​អនុញ្ញាត​សាងសង់ ការចុះបញ្ជី​សហគ្រាស ការផ្តល់​អាជ្ញាបណ្ណ​ទេសចរណ៍ ការផ្តល់​អាជ្ញាបណ្ណ​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ ការសាងសង់​ផ្លូវចូល​ទៅទីតាំង​គម្រោង ការតបណ្តាញ​លូកាត់ផ្លូវ​ពីទី​តាំង​​គម្រោង​ឆ្ពោះទៅ​អាងប្រព្រឹត្តកម្ម​ទឹកកខ្វក់ ការរៀបចំ​ប្រព័ន្ធ​អាងប្រព្រឹត្តកម្ម​ទឹកកខ្វក់ ដើម្បី​ជំរុញ​ការវិនិយោគ និង ការសម្រប​សម្រួល​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​ចំពោះ​គម្រោង​ពាក់ព័ន្ធ​អគារជាប់គាំង។ ក្រុមការងារ​នឹងបន្ត​ធ្វើការ​សម្របសម្រួល​ផ្សេងៗ​ទៀតតាម​ការជាក់ស្តែង ពិសេស​ការផ្តល់​សេវា​ថែទាំ​វិនិយោគ បន្ទាប់ពី​ក្រុមហ៊ុន​បានទទួល​គោលការណ៍​លើកទឹកចិត្ត​ពីក្រុមការងារ ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​ឱ្យគ្រប់​ចំនួន​ទុនវិនិយោគ​ប៉ាន់ស្មាន​ដំបូង​ឬដល់​អតិបរិមា។ ទន្ទឹមនឹងនេះ ក្រុមការងារ​នឹងយកចិត្ត​ទុកដាក់​ខ្ពស់លើការ​ទាក់ទាញ និងជំរុញ​ការវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​និងសួន​ឧស្សាហកម្ម៕

你可能还喜欢