លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ពលរដ្ឋគ្រប់រូបមានតួនាទីចូលរួមថែរក្សាសិល្បៈវប្បធម៌ជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏ផូរផង់​របស់​ជាតិ គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់ៗគ្នា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែង​បែបនេះនាឱកាស​ធ្វើជា​អធិបតី​បើកកម្មវិធី​រាត្រី​សមោសរ​សំពត់បត់​ខ្មែរលើកទី២ នៅសាល​សន្និសីទ​ចតុម្មុខ កាលពី​ពេលថ្មីៗនេះ។

លោកជំទាវ​បានលើកឡើង​ថា ពាក្យថា​សិល្បៈ វប្បធម៌ គឺបង្ហាញ​តាមរយៈ​ភ្លេង ចម្រៀង របាំ សម្លៀកបំពាក់​ប្រពៃណី​ដែលប្រើប្រាស់​ប្រចាំថ្ងៃ សម្លៀកបំពាក់​ដែលប្រើប្រាស់​ក្នុងពិធី​ផ្សេងៗ ដូចជា​ពិធី​រៀបអាពាហ៍ពិពាហ៍ ពិធី​ផ្លូវការ និង ពិធី​សាសនា​ជាដើម ហើយសូម្បី​តែក្រណាត់​ដែលយកមក​កាត់ធ្វើជា​សម្លៀក​បំពាក់ ការត្បាញ​សរសៃសូត្រ រចនាបថ និង ការរចនា ក៏បញ្ជាក់​ពីអត្តសញ្ញាណ​របស់​ជាតិសាសន៍​នីមួយៗ​ដូចគ្នាដែរ។

លោកជំទាវ​បានបន្តថា សម្លៀកបំពាក់​ជាផ្នែកមួយ​នៃវប្បធម៌ ដែលបញ្ជាក់​ពីឫសគល់​នៃអរិយធម៌​ដ៏ចំណាស់​និងអត្តសញ្ញាណ​របស់​ជាតិសាសន៍​នីមួយៗ។ ហេតុដូចនេះ ការថែរក្សា អភិវឌ្ឍ និង លើកតម្កើង​កេរដំណែល​វប្បធម៌​ដ៏ល្អឯក​នេះ ជាភារកិច្ច​របស់​កូនខ្មែរ​គ្រប់ៗគ្នា។ យើងត្រូវ​យល់ច្បាស់​អំពី​ប្រវតិ្ត​តម្លៃ​កេរដំណែល អត្ថន័យ​សម្លៀកបំពាក់ របៀបរបប​នៃការ​ប្រើប្រាស់​ទៅតាម​ពិធី​និងពេលវេលា ព្រមទាំង​ការចូលរួម​ផ្សាយកម្រិត​ជាតិនិង​អន្តរជាតិ៕

你可能还喜欢