សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ១៧ ចំណុច ជំរុញប្រសិទ្ធភាពការងារទេសចរណ៍ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន

នៅក្នុង​ពិធី​បិទសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០២៥ របស់​ក្រសួង​ទេសចរណ៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្ដល់​នូវអនុសាសន៍​សំខាន់ៗ​ចំនួន ១៧ ចំណុច ដើម្បី​ជាមូលដ្ឋាន​បន្ថែម​ក្នុងការ​ជំរុញ​ល្បឿនការងារ​ឱ្យកាន់តែ​មានប្រសិទ្ធភាព និងឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​និងសកលលោក​ក្នុងវិស័យ​ទេសចរណ៍។

អនុសាសន៍​ទាំង ១៧ ចំណុច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖

១. ត្រូវរួមគ្នា​បន្ត​រក្សា​វត្តមាន​ជាអចិន្ត្រៃយ៍​នៃសុខសន្តិភាព​ដែលកម្ពុជា​រកបាន​ដោយលំបាក និងបាន​ដាក់ចេញ​នូវពាក្យស្លោក «ទេសចរណ៍​រីកលូតលាស់​ក្នុងសន្តិភាព»។

២. ក្រសួង​ទេសចរណ៍​ត្រូវសហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​និងរដ្ឋបាល​រាជធានី-ខេត្ត រៀបចំ​ផែនការ​សកម្មភាព​ពិពិធកម្ម​កម្មវិធី ពិសេស​តារាង​ព្រឹត្តិការណ៍​ឱ្យមាន​ភាពសម្បូរបែប។

៣. ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ជាគោលដៅ​ទេសចរណ៍​ភាពយន្ត។

៤. ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវបើកចិត្ត​ឱ្យទូលាយ​ក្នុងការ​ទទួល​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​កែសម្រួល​និងកែលម្អ​បរិយាកាស​ក្នុងការ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ។

៥. អភិបាល​រាជធានី-ខេត្ត​បន្ត​ជំរុញ​ការរៀបចំ​គោលដៅ​ទេសចរណ៍​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ស្តង់ដា និងផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និងបង្កើត​កញ្ចប់​ទស្សនកិច្ច​ខេត្តដែលមាន​សក្តានុពល​ជាប់គ្នា។

៦. លើកទឹកចិត្ត​ក្នុងការ​ជំរុញ​សកម្មភាព​ការទូត​ទេសចរណ៍ ដែលក្រសួង​ទេសចរណ៍​និងក្រសួង​ការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិ ត្រូវសហការគ្នា​ជិតស្និទ្ធ​ពាក់ព័ន្ធ​ការងារនេះ។

៧. រៀបចំ​ឱ្យមាន​យន្តការ​ស្ថាប័ន​អន្តរការី ដើម្បី​ជំរុញ​ការផលិត​ផលិតផល​អនុស្សាវរីយ៍​ខ្មែរ និងការ​តភ្ជាប់​ខ្សែច្រវាក់​នៃការផលិត​នោះជាមួយ​ទីផ្សារ​និងភ្ញៀវទេសចរ។

៨. រួមគ្នា​ផ្សព្វផ្សាយ​ពីព័ត៌មាន​ល្អៗ​និងសក្តានុពល​ទេសចរណ៍​របស់​កម្ពុជា។

៩. គាំទ្រ​និងលើកទឹកចិត្ត​ក្រសួង​ទេសចរណ៍ ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ២០២៦-២០៣៥ និងត្រូវ​បញ្ចប់​នៅដំណាច់​ឆ្នាំ២០២៥ នេះ។

១០. សូមវិស័យ​ឯកជន​ក្នុងវិស័យ​ទេសចរណ៍ បន្ត​ចូលរួម​ឱ្យកាន់តែ​សកម្ម​ជាមួយ​នឹងរាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍។

១១. សូមឱ្យ​មានការ​គិតគូរ​ជាកញ្ចប់​សម្រាប់​ការត្រៀមដាក់​ឱ្យដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្នុងដំណាក់កាល​ទី ១ នាអំឡុង​ខែកក្កដា ឆ្នាំ២០២៥ ដើម្បី​កុំឱ្យមាន​បញ្ហា​ណាមួយ​កើតឡើង។

១២. ក្រសួង​ទេសចរណ៍​ត្រូវសិក្សា​លទ្ធភាព​ក្នុងការ​រៀបចំ​យុទ្ធនាការ​ឆ្នាំទស្សនា​កម្ពុជា។

១៣. ក្រសួង​ទេសចរណ៍​ត្រូវសហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​ផែនការ​ធ្វើពិពិធកម្ម​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​នៅខេត្តសៀមរាប​និងតំបន់​ជុំវិញ​ឱ្យកាន់តែ​សម្បូរបែប ដើម្បី​បង្កើន​ភាពទាក់ទាញ និងពន្យារ​ការស្នាក់នៅ​របស់​ទេសចរ​កាន់តែយូរ។

១៤. ក្រសួង​ទេសចរណ៍​និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ត្រូវផ្សារភ្ជាប់​គ្នាឱ្យ​ជិតស្និទ្ធ ដើម្បី​ធ្វើពិពិធកម្ម​ផលិតផល​ទេសចរណ៍។

១៥. ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ត្រូវសម្រប​សម្រួល​ជាមួយ​នឹងក្រុមហ៊ុន​ទូរសព្ទ​នានា​ក្នុងប្រទេស ដើម្បី​បង្ហោះ​សារអំពី​ទេសចរណ៍​ចូលក្នុង​ប្រអប់សារ​អ្នកប្រើប្រាស់ ដូចដែលបាន​កំពុង​អនុវត្ត​ពាក់ព័ន្ធ​បញ្ហា​សុខាភិបាល គ្រឿងញៀន និង គ្រឿងស្រវឹង។ល។

១៦. លើកទឹកចិត្ត​ឱ្យមាន​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​ក្នុងតម្លៃ​សមរម្យ សម្រាប់​សិស្ស-និស្សិត បុគ្គលិក​ក្រុមហ៊ុន កម្មករ-កម្មការនី និង បុគ្គលិក​ក្រៅប្រព័ន្ធ។

១៧. ក្រសួង​ទេសចរណ៍​ត្រូវបន្ត​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់បុគ្គលិក​ដែលបម្រើការ​ក្នុងវិស័យ​ទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ​ក្រសួង​ទេសចរណ៍ដែលក្នុង​រយៈពេលខ្លី បានដាក់ចេញ​នូវទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​ក្រសួង ដោយឈរលើ​មូលដ្ឋាន​នៃសមិទ្ធផល​សម្រេចបាន​កន្លងមក ព្រមទាំង​តម្រង់ទិស​ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ប្រកបដោយ​ភាពជាក់ស្ដែង​និងប្រាកដ​និយម ដើម្បី​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន ស្របតាម​អភិក្រម “ជវភាព​នៃប្រព័ន្ធ​តួអង្គ​តែមួយ” និងទស្សនាទាន “មិនទុក​តួអង្គ​ណាមួយ និងទីកន្លែង​ណាមួយ​ចោល (Leaving No One and No Place Behind)”៕

你可能还喜欢