សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរងនៃអង្គការសម្ព័ន្ធពិភពឥស្លាមនៅទីក្រុងម៉ាក់កា

នាព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោកបណ្ឌិត មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី អគ្គលេខាធិការរង​ នៃអង្គការ​សម្ព័ន្ធ​ពិភពឥស្លាម​នៅទីក្រុង​ម៉ាក់កា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅសណ្ឋាគារ​សុខា​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​កម្ពុជា ដែលបាន​ទទួល​ស្វាគមន៍​យ៉ាងកក់ក្ដៅ ​ចំពោះ​គណៈប្រតិភូ​​ដែលបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិង​ពុទ្ធសាសនា»។ លោកបាន​វាយតម្លៃខ្ពស់​ចំពោះ​ការរីកចម្រើន​យ៉ាងឆាប់រហ័ស​លើគ្រប់វិស័យ​របស់​កម្ពុជា ជាពិសេស​ការរីកចម្រើន​ខាងវិស័យ​សេដ្ឋកិច្ច ​និងវិស័យ​អប់រំ ដែលការណ៍នេះ​បានធ្វើឱ្យ​បណ្ដា​ប្រទេស​លើពិភពលោក​ កាន់តែ​ផ្ដោតការ​យកចិត្ត​ទុកដាក់​ខ្ពស់ថែមទៀត​មកលើ​កម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បាន​គូសបញ្ជាក់​ថា កម្ពុជា​ជាប្រទេស​គំរូ​មួយនៅលើ​ពិភពលោក ដែលធានា​បាននូវ​សុខដុមនីយកម្ម​ជាតិសាសន៍​និងសាសនា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍​ចំពោះ​លោក មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី និងគណៈប្រតិភូ ដែលបានមក​ចូលរួម​កិច្ចប្រជុំ​កំពូល​ឥស្លាម ព្រមទាំង​បានវាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះជាលើកដំបូង​នៅកម្ពុជា។ សម្ដេច​បានគូសបញ្ជាក់​ថា កម្ពុជា​ជាប្រទេស​ដែលគោរព​ និងផ្ដល់​តម្លៃ​ដល់ការ​គោរព​បដិបត្តិ​ជំនឿ​សាសនា​ផ្សេងៗ ហើយរាជរដ្ឋាភិបាល​​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់ក្នុងការ​ធានា​ការរួមរស់​ជាមួយគ្នា​ប្រកបដោយ​សុខដុមរមនា រវាង​សាសនា​និងសាសនា​ផ្សេងគ្នា​នៅក្នុង​សង្គម​កម្ពុជា​។

សម្ដេចធិបតី​បានសង្កត់ធ្ងន់​ពីសារៈសំខាន់ ​និងតួនាទី​របស់​សាសនា ក្នុងការ​ចូលរួម​ចំណែក​ដល់ការ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើឱ្យ​សង្គមជាតិ​មួយគ្មាន​ជម្លោះ ​និងមាន​សុខសន្ដិភាព ស្ថិរភាព និង ការអភិវឌ្ឍ។ នៅក្នុង​យុគសម័យ​ឌីជីថល សាសនា​កាន់តែ​មានតួនាទី​សំខាន់​ថែមទៀត​ក្នុងការ​លើកកម្ពស់​ការអប់រំ​ប្រជាពលរដ្ឋ ជាពិសេស​នៅកម្ពុជា សាសនា​ពិតជា​បានដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គមជាតិ ដោយបាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់ការ​លើកកម្ពស់​ការអប់រំ​តម្លៃ​មនុស្ស សីលធម៌ និង គុណធម៌ និងការកសាង​ខ្លួនជា​ពលរដ្ឋល្អ​សម្រាប់​ប្រទេសជាតិ៕

你可能还喜欢