ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី ១៨ បើកសម្ពោធជាផ្លូវការនៅខេត្តសៀមរាប

ព្រឹត្តិការណ៍ «ពិព័រណ៍​ផលិតផល​ខ្មែរនិង​បន្លែ​ផ្លែឈើ» លើកទី ១៨ ឆ្នាំ២០២៥ ដែលរៀបចំ​ឡើងដោយ​ក្រសួង​ពាណិជ្ជកម្ម នៅបរិវេណ​សួនហាត់ប្រាណ មាត់ស្ទឹង​សៀមរាប ខេត្តសៀមរាប បានបើកសម្ពោធ​ជាផ្លូវការ​នារសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សំហេង បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម តំណាងលោកស្រី​រដ្ឋមន្ត្រី ចម និម្មល។

ពិព័រណ៍​ផលិតផល​ខ្មែរនិង​បន្លែ​ផ្លែឈើ​លើកទី ១៨ នេះ ធ្វើឡើង​ក្រោមមូលបទ “បង្កើន​តម្លៃ​បន្ថែម​នៃអាជីវកម្ម​បន្លែ​ផ្លែឈើ”។

លោក សំហេង បូរ៉ា បានគូសបញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ គឺមាន​សារៈសំខាន់​និងបាន​ជះផលវិជ្ជមាន​ដល់ការ​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម និងការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ ដែលនឹង​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន ពោលគឺ​ក្នុងមូលដ្ឋាន​ខេត្តសៀមរាប​តែម្តង។ ពិព័រណ៍នេះ​ក៏បាន​ផ្តល់ជា​វេទិកា​សម្រាប់​អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញ​នាំចូល អ្នកដាំដុះ​បន្លែ​ផ្លែឈើ ម្ចាស់កសិដ្ឋាន​ក្នុងមូលដ្ឋាន​ខេត្តសៀមរាប​និងបណ្តា​ខេត្តក្រុង​នានា អាចដាក់តាំង​បង្ហាញ ផ្សព្វផ្សាយ និង លក់នូវផលិតផល​ខ្មែរ​ធម្មជាតិ​ដែលប្រកបដោយ​​គុណភាពជូនសាធារណជន​ទូទៅ រួមទាំង​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ផងដែរ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍​នេះក៏នឹង​ផ្តល់នូវ​ឱកាស​ក្នុងការ​ធ្វើអន្តរកម្ម​រវាង​អាជីវករ​និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់អាជីវកម្ម​បោះដុំ និង អ្នកលក់រាយ​នានា ក្នុងការ​ពិភាក្សា​និងស្វែងរក​កិច្ចសហប្រតិបត្តិការ​ផងដែរ។

លោកបន្ថែមថា ព្រឹត្តិការណ៍​ពិព័រណ៍នេះ​ក៏ជា​ផ្នែកមួយ​ដ៏សំខាន់​នៃការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ការគាំទ្ររបស់​ប្រជាជន​កម្ពុជាចំពោះ​ផលិតផល​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពីបរទេស ព្រមទាំង​ជួយពង្រឹង​ខ្សែច្រវាក់​ផលិតកម្ម​ក្នុងស្រុកផងដែរ។

លោកបាន​គូសបញ្ជាក់​បន្ថែមថា ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​បរិយាកាស​ធុរកិច្ច​ដល់ធុរជន​និងវិនិយោគិន ក្រសួង​ពាណិជ្ជកម្ម​បានដាក់ចេញ​នូវយន្តការ​សំខាន់ៗ​​ចំនួន ៣ រួមមាន​កិច្ចសម្រួល​ពាណិជ្ជកម្ម ការធ្វើ​ពិពិធកម្ម​ទីផ្សារ និង ការកសាង​ច្បាប់និង​បទប្បញ្ញត្តិ។ ទន្ទឹមនឹងនេះ លោកបាន​ជំរុញ​ដល់ផលិតករ ពាណិជ្ជករ និង អាជីវករ​កម្ពុជា​ទាំងអស់ ត្រូវខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត និងរៀបចំ​ទំនិញ​សម្រាប់​តម្រូវការ​ទីផ្សារ ដោយត្រូវ​ពង្រឹង​គុណភាព សោភ័ណភាព និង សុវត្ថិភាព​ផលិតផល​សម្រាប់​អ្នកប្រើប្រាស់ អនុលោម​តាមស្តង់ដា​អនាម័យ ជាមួយ​តម្លៃ​សមរម្យ ដើម្បីលើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​សេរី។

ពិព័រណ៍​ផលិតផលខ្មែរ​និងបន្លែផ្លែឈើលើកទី ១៨ នៅខេត្តសៀមរាបនេះ មានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតករ សហគមន៍ អ្នកដាំដុះ​ចូលរួម​ចំនួន ៨៨ និងមានស្តង់​ចំនួន ១១១ ស្តង់។ ក្រៅពី​ដាក់តាំង​បង្ហាញ​បន្លែ​ផ្លែឈើ​ស្រស់​និងផលិតផល​កែច្នៃ​ដែលមាន​គុណភាព​ខ្ពស់ ក៏មាន​រៀបចំ​កម្មវិធី​អមនានា រួមមាន​សិក្ខាសាលា​ស្តីពី​កាលានុវត្តភាព​ថ្មីនៃ​អាជីវកម្ម​បន្លែ​ផ្លែឈើ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការពង្រឹង​សក្តានុពល​ស្វាយចន្ទី​កម្ពុជា ពិធី​ចុះអនុស្សរណៈ​នៃការយោគយល់គ្នា​រវាង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd កម្មវិធី​បង្ហាញ​អំពី​ការចម្អិនម្ហូប​អាហារ​របស់​សមាគម​ចុងភៅ​ខេត្តសៀមរាប ព្រមទាំង​ការសម្តែង​សិល្បៈ​និងតន្រ្តីខ្មែរ​រយៈពេល ៣ យប់​ផងដែរ៕

你可能还喜欢