កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកជាង ១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤

យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញថា ​ការធ្វើ​ពាណិជ្ជកម្ម​​តាមប្រព័ន្ធ​អេឡិច​ត្រូនិក (E-commerce)  នៅកម្ពុជា ត្រូវបាន​ព្យាករណ៍ថា​សម្រេចបាន​ប្រមាណ ១,១២ ប៊ីលាន​ដុល្លារអាម៉េរិក​ក្នុងឆ្នាំ២០២៤ និងរំពឹង​​ថានឹងមាន​កំណើន​ជាប្រចាំឆ្នាំ​ក្នុងអត្រា ១០% ដែល​ទំហំ​ទឹកប្រាក់​នឹងកើនដល់ ១,៨១ ប៊ីលាន​ដុល្លារ​នៅឆ្នាំ២០២៩ ធ្វើឱ្យ​​កម្ពុជា​ក្លាយជា​ប្រទេស​​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ដែលកំពុង​រីកចម្រើន​​ក្នុងវិស័យ​ E-commerce។

របាយការណ៍​បានបង្ហាញថា E-commerce ​ក្នុងតំបន់​អាស៊ាន​ត្រូវបាន​ព្យាករណ៍ថា នឹងកើនឡើង ៥២% ក្នុងចន្លោះ​ឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ពី ១៤២ ប៊ីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២២ កើនដល់ ២១៦ ប៊ីលាន​ដុល្លារ​ក្នុងឆ្នាំ២០២៥។ សម្រាប់​ទីផ្សារ​ដ៏ធំបំផុត​ទាក់ទង​នឹងតម្លៃ​និងសក្ដានុពល​នៃកំណើន រួមមាន​ប្រទេស​ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ប្រទេស​ហ្វីលីពីន ដោយប្រទេស​សិង្ហបុរី​នៅតែ​ជាមជ្ឈមណ្ឌល​សំខាន់​សម្រាប់​ប្រតិបត្តិការ​តម្លៃខ្ពស់​និងភស្តុភារ។

លោកស្រី ចម និម្មល រដ្ឋម​ន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ​បានលើកឡើង​នៅក្នុង​របាយការណ៍​ E-commerce ​ថា សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ខ្លាំងក្លា​មួយ ដែលជំរុញ​ដោយការ​រីកចម្រើន​យ៉ាងឆាប់​រហ័ស​នៃបច្ចេកវិទ្យា ការបង្កើន​ការទទួលយក​អ្នកប្រើប្រាស់​នៃវេទិកា​ឌីជីថល និងការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ពង្រឹង​បទប្បញ្ញត្តិ​និងទិដ្ឋភាព​ស្ថាប័ន។ ចំណុច​ស្នូលនៃការ​ផ្លាស់ប្តូរ​នេះ គឺ E-commerce ​ដែលបាន​លេចចេញ​ជាគន្លឹះ​នៃកំណើន​សេដ្ឋកិច្ច បង្កើនការ​ប្រកួត​ប្រជែង​អាជីវកម្ម ពង្រីក​លទ្ធភាព​ទទួលបាន​ទីផ្សារ និង ការជំរុញ​ឱកាស​ថ្មីៗ​សម្រាប់​សហគ្រាស​គ្រប់ប្រភេទ។

លោកស្រី​បានគូសបញ្ជាក់​ថា ការពង្រីក​វិស័យ E-commerce ​របស់កម្ពុជា បានឆ្លុះបញ្ចាំង​ពីការ​ប្តេជ្ញាចិត្ត​កាន់តែ​ទូលំ​ទូលាយ​របស់​ប្រទេស​ចំពោះ​ការផ្លាស់ប្តូរ​ឌីជីថល ដូចដែល​បានលើកឡើង​នៅក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី ១ និងក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និងសង្គម​ឌីជីថល ២០២១-២០៣៥។ វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ត្រូវបាន​ធ្វើឡើង​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ជាមួយនឹង​ភាពប្រសើរឡើង​នៃការទូទាត់​ឌីជីថល ការដឹកជញ្ជូន និង យន្តការ​ជឿទុកចិត្ត​របស់​អតិថិជន។ វឌ្ឍនភាព​ទាំងនេះ​បានពង្រឹង​មូលដ្ឋានគ្រឹះ​នៃប្រព័ន្ធ​អេកូឡូ E-commerce ដ៏រឹងមាំ ដែលអនុញ្ញាត​ឱ្យអាជីវកម្ម ជាពិសេ​សសហគ្រាស​ធុនមីក្រូ តូច និង មធ្យម (MSMEs) ក្នុងការ​ចូលរួម​កាន់តែមាន​ប្រសិទ្ធភាព​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​និងអន្តរជាតិ។

លោក CHOWDHURY Subhadeep ស្ថាបនិក​និងជា​ប្រធាន​ក្រុមហ៊ុន  PROFITENCE (Cambodia) ​ដែលជា​ក្រុមហ៊ុន​តាក់តែង​នូវរបាយការណ៍ E-commerce ​បានលើកឡើងថា នៅពេល​ដែលប្រទេស​កម្ពុជា​ទទួលយក​នូវកាលានុវត្តភាព​នៃយុគសម័យ​ឌីជីថល យើងសង្ឃឹម​ថារបាយការណ៍​ E-commerce បម្រើ​ជាធនធាន​ដ៏មានតម្លៃ ណែនាំ​ភាគី​ពាក់ព័ន្ធ​ក្នុងការ​រុករក​ភាពស្មុគស្មាញ​នៃទិដ្ឋភាព E-commerce និងរួមចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ។ ​

របាយការណ៍ E-commerce ឆ្នាំ២០២៤ ផ្តល់នូវ​ការវិភាគ​យ៉ាងទូលំ​ទូលាយ​អំពី​ទិដ្ឋភាព E-commerce របស់​ប្រទេស​កម្ពុជា និងបង្ហាញ​ពីការ​ពិចារណា​សំខាន់ៗ​សម្រាប់​ការពង្រីក​ E-commerce និងពាណិជ្ជកម្ម​ឌីជីថល។ របាយការណ៍​នេះនឹង​រួមចំណែក​ដ៏មាន​តម្លៃ​របស់​ពួកគេ​ក្នុងការ​ផលិត​ទិដ្ឋភាព​ទូទៅ​ដ៏ទូលំ​ទូលាយ ដែលនឹង​បម្រើជា​ឯកសារ​យោងដ៏សំខាន់​សម្រាប់​អ្នកបង្កើត​គោលនយោបាយ អាជីវកម្ម និង ដៃគូ​អភិវឌ្ឍន៍​ដែលស្វែងរក​ការជំរុញ​របៀបវារៈ E-commerce របស់​កម្ពុជា៕

你可能还喜欢