តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាកើនដល់ ៣០ ក្នុងឆ្នាំ២០២៤ ជាមួយទុនវិនិយោគឧស្សាហកម្មសុរបជាង ២០,៤៥ ប៊ីលានដុល្លារ
របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣០ ដែលមានរោងចក្រដំណើរការស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត មានការកើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨% បើធៀបនឹងឆ្នាំ២០២៣។
របាយការណ៍នេះបានបង្ហាញទៀតថា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការខេត្តស្វាយរៀងមានចំនួន ៩ ខេត្តព្រះសីហនុមានចំនួន ៥ ខេត្តកណ្ដាលមានចំនួន ៣ ខេត្តកោះកុងមានចំនួន ៣ ខេត្តបន្ទាយមានជ័យមានចំនួន ៣ ខេត្តកំពង់ចាមមានចំនួន ១ ខេត្តកំពង់ឆ្នាំងមានចំនួន ១ ខេត្តកំពតមានចំនួន ១ ខេត្តក្រចេះមានចំនួន ១ ខេត្តពោធិ៍សាត់មានចំនួន ១ និង រាជធានីភ្នំពេញមានចំនួន ១។
សម្រាប់ឆ្នាំ២០២៤ ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេស មានចំនួនជាង ២០,៤៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១០,១៨% ធៀបនឹងឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ ដែលកម្ពុជាត្រូវពង្រឹងនិងពន្លឿនឧស្សាហូបនីយកម្ម រចនាសម្ព័ន្ធ និង មូលដ្ឋានសេដ្ឋកិច្ច នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ដូច្នេះ កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុកនិងពីបរទេស រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀមធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួស។
វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ២០២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ៕