សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនបិទសាលារៀនជំនាន់ថ្មី តែមិនបន្តមជ្ឈមណ្ឌលសិក្សាទំនើប
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាសាធារណៈថា សាលារៀនជំនាន់ថ្មីនិងមជ្ឈមណ្ឌលសិក្សាទំនើបគឺខុសគ្នា ហើយគ្មានការបិទសាលារៀនជំនាន់ថ្មីនោះទេ។
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា មិនត្រឹមតែគ្មានការបិទសាលារៀនជំនាន់ថ្មីប៉ុណ្ណោះទេ ហើយសម្រាប់សាលារៀនជំនាន់ថ្មីនេះ នឹងមិនមានការបង់ថវិកាកាតព្វកិច្ចរបស់អាណាព្យាបាលទៀតទេ ដោយរដ្ឋជាអ្នករ៉ាប់រងក្នុងការចំណាយ សម្រាប់ដំណើរការសាលារៀនជំនាន់ថ្មីនេះតែម្ដង។ ចំណែកមជ្ឈមណ្ឌលសិក្សាទំនើប គឺជារូបមន្តមួយដែលរដ្ឋ និងវិស័យឯកជនសហការគ្នាតាមបែបវិនិយោគ ប្រតិបត្តិការ និង ផ្ទេរ (BOT) ប៉ុន្តែផ្នែកមួយចំនួននៃសាលារៀនរដ្ឋត្រូវបានគ្រប់គ្រងដោយឯកជន ដែលជាហេតុនាំឱ្យរដ្ឋអាចបាត់ម្ចាស់ការលើដំណើរការគ្រប់គ្រង បង្កើតគម្លាតរវាងសិស្សនៅក្នុងសាលាតែមួយ និងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលារៀនតែមួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវគោលការណ៍ចំនួន ៣ ដើម្បីរក្សានិងលើកកម្ពស់គុណភាពអប់រំតាមសាលារៀន៖ ១. មិនអនុញ្ញាតឱ្យពង្រីកចំនួនមជ្ឈមណ្ឌលសិក្សាទំនើបបន្ថែមទៀតឡើយ។ ទី២. ចំពោះសាលារៀនចំនួន ១០ ដែលទើបនឹងចាប់ដំណើរការបានជាង ២ ខែ នឹងអនុញ្ញតឱ្យអនុវត្តរហូតដល់បញ្ចប់ឆ្នាំសិក្សានៅចុងឆ្នាំ២០២៥។ ទី៣. សាលារៀនចំនួន ៨ ដែលបានអនុវត្តរួចហើយ សូមឱ្យក្រសួងអប់រំ យុវជន និង កីឡា ធ្វើការសិក្សាដើម្បីរៀបចំដោះស្រាយ។
ទន្ទឹមនឹងនេះ សម្តេចធិបតីក៏ស្នើសុំការយោគយល់ពីសំណាក់ឪពុកម្ដាយឬអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ព្រោះរដ្ឋត្រូវធានាដល់អនាគតជូនសិស្សានុសិស្ស និងភាពម្ចាស់ការរបស់រដ្ឋនៅក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋ៕