សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យរបស់ថៃក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ មិនមែនជាបរាជ័យនៃប្រទេសជិតខាងនោះទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល ទើបអាចទទួលបានប្រសិទ្ធភាពខ្ពស់។ ជោគជ័យរបស់ប្រទេសថៃក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ មិនមែនបានន័យថាជាបរាជ័យរបស់ប្រទេសជិតខាងថៃនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ សម្តេចតេជោបានសរសេរថា៖ “មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃបានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលរួមអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ”។
សម្តេចតេជោបានគូសបញ្ជាក់ថា៖ “អ្វីដែលគួរឱ្យសោកស្តាយនោះ គឺជោគជ័យរបស់ប្រទេសថៃត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាង រាប់ទាំងកម្ពុជាផងដែរ។ រឿងបទល្មើសមិនទាន់ចប់ទេ នៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព”។
មួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលថៃបានខិតខំនិងដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដោយធ្វើការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងទឹកដល់តំបន់មួយចំនួននៃព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលថៃចាត់ទុកថាជាសម្បុកនៃសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ បន្ទាប់មក ភាគីថៃក៏ចាប់ផ្តើមពិនិត្យមើលអំពីសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញក្នុងតំបន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ ដើម្បីចាត់វិធានការបង្ក្រាបជាក់ស្តែង។ ជាហេតុធ្វើឱ្យបណ្តាសារព័ត៌មាននិងអ្នកនយោបាយមួយចំនួន បានចាត់ទុកករណីនេះជាបរាជ័យរបស់ប្រទេសជិតខាងថៃ រួមទាំងប្រទេសកម្ពុជាផងដែរ៕