ទេសាភិបាលធនាគារជាតិ ជា សិរី៖ កម្ពុជានៅតែបន្តសហការជាមួយចិន លើវិស័យធនាគារនិងហិរញ្ញវត្ថុ

ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា កម្ពុជា​នៅតែ​បន្ត​សហការ​ជាមួយ​ប្រទេស​ចិនលើ​កិច្ចសហការ​និងពង្រឹង​វិស័យ​ធនាគារ​និងហិរញ្ញវត្ថុ សំដៅ​ចូលរួម​ដល់ការ​ទូទាត់​ឆ្លងដែន​តាមឃ្យូអរកូត (QR Code) ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ចិន។

ការលើកឡើង​របស់​លោកស្រី ជា សិរី ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោកស្រី ចុង ជា (Zhong Jie) អ្នកផ្ដល់​ប្រឹក្សា​ផ្នែកពាណិជ្ជកម្ម​នៃស្ថានទូត​ចិនប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការ​ធនាគារជាតិ​នៃកម្ពុជា អគារវត្តភ្នំ រាជធានី​ភ្នំពេញ។

ភាគី​ទាំងពីរ​បានពិភាក្សា​អំពី​សកម្មភាព​និងជំហាន​យុទ្ធសាស្រ្ត ដែលគួរ​អនុវត្ត​ដើម្បី​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ចិន​ក្នុងវិស័យ​ធនាគារ​និងហិរញ្ញវត្ថុ។

លោកស្រី ជា សិរី បានលើកឡើង​ពីអនុស្សរណៈ​នៃការ​យោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​តាមឃ្យូអរកូត” ដែលធនាគារជាតិ​នៃកម្ពុជា​បានចុះ​ជាមួយ​ក្រុមហ៊ុន Alipay និង UnionPay International ក្នុងគោល​បំណង​លើកកម្ពស់​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​តាមឃ្យូអរកូតប្រកបដោយ​ប្រសិទ្ធភាព​និងសុវត្ថិភាព ដោយប្រើ KHQR នៃប្រព័ន្ធ​បាគង​និងឃ្យូអរកូត​សកល​របស់​ក្រុមហ៊ុន​ទាំងពីរ។

លោកស្រី​បានស្នើឱ្យ​ភាគីចិន​បន្ត​ការគាំទ្រ​ដល់ការ​កសាង​សមត្ថភាព​និស្សិត​និងមន្ត្រី តាមរយៈ​ការបង្កើន​ចំនួន​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់ឧត្តម​និងក្រោយឧត្តម​សិក្សា​នៅប្រទេស​ចិន ព្រមទាំង​ពិចារណា​លទ្ធភាព​បញ្ជូន​មន្ត្រី​ជំនាញ​ពីធនាគារ​កណ្ដាលចិន (PBOC) មកផ្តល់​ជំនួយ​បច្ចេកទេស​ធនាគារ​ដល់មន្ត្រី​ធនាគារជាតិ​នៃកម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ផងដែរ៕

你可能还喜欢