ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ ស្វែងរកឱកាសវិនិយោគវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

លោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិ​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) នៃក្រសួង​បរិស្ថាន​របស់​សាធារណរដ្ឋ​កូរ៉េ និងជា​ប្រធាន​ក្រុមប្រឹក្សា​ទឹកអាស៊ី (AWC) បានបង្ហាញ​ពីចំណាប់​វិនិយោគ​លើវិស័យ​គ្រប់គ្រង​ទឹកនៅកម្ពុជា។

លោកបណ្ឌិត Yun Seogdae បានលើកឡើង​ពីចំណាប់​អារម្មណ៍​វិនិយោគ​នេះ ក្នុងឱកាស​ចូលជួប​សម្តែងការគួរសម ​និងពិភាក្សា​ការងារ​ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក Yun Seogdae បានថ្លែង​អំណរគុណ​និងសម្ដែង​នូវសេចក្ដី​សោមនស្ស​រីករាយ ដែលបាន​ចូលជួប​សម្ដែងការ​គួរសម​និងពិភាក្សា​ការងារ​ជាមួយ​សម្ដេចធិបតី​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ជំនួប​លើកទីមួយ​បានធ្វើឡើង​ក្នុងឱកាស​ដែលសម្ដេចធិបតី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកូរ៉េ កាលពី​ខែឧសភា ឆ្នាំ២០២៤។ លោកបាន​ជម្រាបជូន​សម្ដេចធិបតី​អំពី​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​កន្លងមក រវាង​ក្រុមហ៊ុន​និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក៏ដូចជា​គោលបំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​ក្នុងវិស័យ​គ្រប់គ្រង​ធនធានទឹក​នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី​បានវាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​នាពេល​កន្លងមក រវាង​ក្រុមហ៊ុន​និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ជាពិសេស​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​គ្រប់គ្រង​ធនធានទឹក​នៅកម្ពុជា។ សម្ដេច​ក៏បាន​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​ធ្វើការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​លើការ​គ្រប់គ្រង​ធនធានទឹក​នៅកម្ពុជា ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយផ្ដោត​ទៅលើ​ការវាយតម្លៃ​ឱ្យបាន​គ្រប់ជ្រុងជ្រោយ​អំពី​ភាពខ្លាំង ក៏ដូចជា​ផលប៉ះពាល់​នៃគម្រោង​នេះលើ​សង្គម-សេដ្ឋកិច្ច​និងបរិស្ថាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​អំពី​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធានា​ឱ្យមាន​ប្រព័ន្ធ​គ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណា​ឱ្យមាន​ធនធានទឹក​គ្រប់គ្រាន់ ទាំងនៅ​រដូវវស្សា​និងរដូវប្រាំង សម្រាប់​ជាប្រយោជន៍​ដល់ប្រជាពលរដ្ឋ ក៏ដូចជា​ការរៀបចំ​ចេញជា​ប្រព័ន្ធ​អេកូឡូស៊ី​បម្រើ​ដល់វិស័យ​កសិកម្ម​និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រង​ហានិភ័យ​នៃគ្រោះទឹកជំនន់​ក្នុងរដូវ​វស្សា និងគ្រោះរាំងស្ងួត​ក្នុងរដូវ​ប្រាំង។ សម្ដេចក៏បាន​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​សាជីវកម្ម K-water បន្ត​ធ្វើការ​និងភ្ជាប់ទំនាក់​ទំនង​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត៕

你可能还喜欢