ក្រុមហ៊ុន Chilwee Group របស់ចិនចាប់អារម្មណ៍វិនិយោគវិស័យកសិកម្មនិងថាមពលនៅកម្ពុជា
ក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង (Zhejiang) ប្រទេសចិន មានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិស័យកសិកម្មនិងថាមពល។
នៅក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ លោក ឡន អ៊ីនតុង (Luan Yundong) ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ ប្រធានសមាគមឧស្សាហកម្មអាគុយចិន និងជាប្រធានដឹកនាំគណៈប្រតិភូក្រុមហ៊ុន Chilwee Group បានលើកឡើងថា Chilwee Group គឺជាក្រុមហ៊ុនផលិតអាគុយដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនិងឈានមុខគេនៅប្រទេសចិន។ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្មនិងថាមពល។ ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការវិនិយោគកម្ពុជា។
ជាការឆ្លើយតប លោក ជា វុទ្ធី បានលើកទ្បើងពីសក្តានុពលក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីនិងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដែលបច្ចុប្បន្នស្វាយចន្ទីគឺជាវិស័យដែលមានសក្តានុពលក្នុងការវិនិយោគ និងជាដំណាំកសិកម្មដែលអាចទាញយកផលប្រយោជន៍ជាអតិបរិមា។ រីឯវិស័យថាមពល ក្រុមហ៊ុនអាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និង ការផ្គត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕