សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយវប្បធម៌ប្រពៃណីរួមគ្នាកម្ពុជា-ចិន ជាកត្តាសក្តានុពលក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការផ្សព្វផ្សាយវប្បធម៌ប្រពៃណីរួមគ្នារវាងកម្ពុជានិងចិន គឺជាកត្តាសក្តានុពលមួយដែលអាចជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនលើច្រើនវិស័យ ជាពិសេសវិស័យទេសចរណ៍និងពាណិជ្ជកម្ម។
តាមរយៈហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និង សក្តានុពលទេសចរណ៍ជាមួយគ្នាទៀត ដែលនឹងបន្តចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ លើវិស័យទេសចរណ៍និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖ “ជាក់ស្ដែង តាមរយៈពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ គឺមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និង សក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍និងពាណិជ្ជកម្មរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
កម្ពុជានិងចិនបានរៀបចំពិធីបើក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុង បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» បានធ្វើឡើងនៅទីក្រុងចឹងចូវ (Zhengzhou) ខេត្តហឺណាន (Henan) សាធារណរដ្ឋប្រជាមានិតចិន កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៕