អាម៉េរិកបង្ហាញឆន្ទៈក្នុងការពង្រឹងការវិនិយោគនៅកម្ពុជា

គណៈប្រតិភូ​ធុរជន​មកពីរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាម៉េរិក បានបង្ហាញ​ពីឆន្ទៈ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​សេដ្ឋកិច្ច និងវិនិយោគ​ជាមួយ​ប្រទេស​កម្ពុជា។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​កាលីហ្វ័រញ៉ា ដឹកនាំ​ដោយលោក គីម ឆាហួត អគ្គកុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​រដ្ឋកាលីហ្វ័រនីញ៉ា និងជា​ប្រធាន​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។

ក្នុងឱកាស​នៃជំនួប លោក ស៊ុន ចាន់ថុល បានលើកឡើង​អំពី​ដំណើរ​អភិវឌ្ឍន៍​របស់​កម្ពុជា​ជាបន្តបន្ទាប់​ឥតឈប់ឈរ ជាមួយនឹង​គោលនយោបាយ​ក្នុងការ​បង្កើន​ពិពិធកម្ម​សេដ្ឋកិច្ច សំដៅ​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ជាប្រទេស​ដែលមាន​ចំណូលខ្ពស់។ លោកក៏បាន​លើកឡើង​អំពី​សាវតា​នៃការបង្កើត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏ដូចជា​បេសកកម្ម​និងចក្ខុវិស័យ​ក្នុងនាម​ជាសេនាធិការ និងជា​ច្រកចេញ​ចូលតែមួយ​របស់​រាជរដ្ឋាភិបាល លើការងារ​គ្រប់គ្រង​ការវិនិយោគ​ឯកជន​និងតំបន់​សេដ្ឋកិច្ច​ពិសេស។

លោក ស៊ុន ចាន់ថុល ក៏បាន​រំលេច​អំពី​សក្តានុពល​វិជ្ជមាន​នានា​របស់​កម្ពុជា ដែលជា​បច្ច័យ​សម្រាប់​ពិចារណា​ក្នុងការ​មកដាក់ទុន​វិនិយោគ ក្នុងនោះ​រួមមាន​ទីតាំង​ភូមិសាស្រ្ត​ដែលមាន​អំណោយផល​ខ្ពស់ និងជា​ប្រភព​នៃថាមពល​កកើត​ឡើងវិញ សុខសន្តិភាព​និងស្ថិរភាព​នយោបាយ លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច កម្លាំងពលកម្ម​វ័យក្មេង​ដែលមាន​លក្ខណៈ​រួចរាល់​សម្រាប់​បរិវត្តកម្ម​ឌីជីថល និងបើក​ទូលាយ​ក្នុងការ​ទទួលយក​ការបណ្តុះ​បណ្តាល​ថ្មីៗ ការគាំទ្រ​ពីសំណាក់​រាជរដ្ឋាភិបាល​ដល់ការ​រីក​លូតលាស់​នៃវិស័យ​ធុរកិច្ច​ឯកជន តាមរយៈ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន ច្បាប់​ស្តីពី​វិនិយោគ​ដែលមាន​ភាពបត់បែន​និងអនុគ្រោះខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​និងវិស័យ​ភស្តុភារកម្ម ដែលបាន​និងកំពុង​អភិវឌ្ឍ​ឱ្យកាន់​តែ​មានភាព​សម្បូរបែប​និងប្រទាក់​ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស សំដៅ​ជំរុញ​ឱ្យសមាហរណកម្ម​នៅទូទាំង​ប្រទេស និងទៅកាន់​តំបន់​មានភាព​កាន់តែ​ប្រសើរឡើង។

ជាការឆ្លើយតប គណៈប្រតិភូ​បានបង្ហាញ​នូវឆន្ទៈ​ក្នុងការ​ពិនិត្យ​លទ្ធភាព ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋកាលីហ្វ័រញ៉ា​និងកម្ពុជា ជាពិសេស​លើទំនាក់ទំនង​សេដ្ឋកិច្ច​និងការវិនិយោគ​រវាង​តំបន់​ទាំងពីរ៕

你可能还喜欢