ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី ជាកត្តាសំខាន់ដែលជួយឱ្យជាតិទាំងមូលរីកចម្រើន
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្ដល់សិទ្ធិនិងអំណាចដល់ស្ត្រី មិនត្រឹមតែជួយឱ្យស្ត្រីទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរីកចម្រើន និងវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូលផងដែរ។
តាមរយៈវីដេអូឃ្លីបអបអរសាទរក្នុងឱកាសទិវានាទីអន្តរជាតិ ៨ មីនា ២០២៥ ខួបលើកទី១១៤ ដែលមានរយៈពេល ២:១០ នាទី លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា ការលើកកម្ពស់សិទ្ធិ សមភាព និង បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាកិច្ចការចម្បងដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍យូរអង្វែងប៉ុណ្ណោះទេ ក៏ជាភាពចាំបាច់ ជាឱកាស និង ជាកម្លាំងថ្មីមួយក្នុងការរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយភាពយូរអង្វែងនិងបរិយាបន្ន។
លោកស្រី ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី គឺមិនត្រឹមតែបង្កើនភាពជោគជ័យសម្រាប់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពនៃសង្គមនិងប្រទេសជាតិទាំងមូល។ ស្ត្រីនិងក្មេងស្រី គឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ និងជាសមាសភាពដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញនិងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកស្រីបានអំពាវនាវឱ្យគ្រប់តួអង្គទាំងអស់ ចាំបាច់ត្រូវទទួលស្គាល់ គាំទ្រ និង ផ្ដល់តម្លៃ ព្រមទាំងបង្កបរិយាកាសងាយស្រួលឱ្យស្ត្រីនិងក្មេងស្រី ឱ្យបានចូលរួមដោយពេញលេញ និងទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ សំដៅឆ្ពោះទៅពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។
ទិវានារីអន្តរជាតិ ៨ មីនា ២០២៥ លើកទី១១៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះក៏ផ្តោតសំខាន់លើការលើកកម្ពស់ផលវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕