សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបញ្ឈប់នូវទង្វើមិនគប្បីដែលប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

នាព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអំពាវនាវ​ឱ្យបញ្ឈប់​ជាបន្ទាន់​នូវទង្វើ​ឬការ​ប្រើប្រាស់​ពាក្យសម្ដី​អសីលធម៌ ដោយខ្វះ​ការគោរព​ចំពោះ​តម្លៃ​និងសេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី។

ការអំពាវនាវ​របស់​សម្ដេចធិបតី គឺធ្វើឡើង​បន្ទាប់ពី​សង្កេតឃើញ​ក្នុងមួយរយៈ​ចុងក្រោយ​នេះ មានសកម្មភាព​ឬការបញ្ចេញ​មតិ​របស់​បុគ្គល​មួយចំនួន ដែលធ្វើឱ្យ​ប៉ះពាល់​ដល់អារម្មណ៍​និងសេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដទៃ ជាពិសេស​ស្ត្រីភេទ ពោលគឺ​បាននិយាយ​ពាក្យសម្តី​លេបខាយ មើលងាយ មិនផ្តល់​តម្លៃ​ឱ្យស្ត្រី។

សម្តេចធិបតី​បានលើកឡើងថា សកម្មភាព​ឬការនិយាយ​របស់​បុគ្គល​មួយចំនួន​បែបនេះ ប្រហែលជា​មិនមាន​ចេតនា​អាក្រក់ ហើយគ្រាន់តែ​ចង់បាន​ការចាប់អារម្មណ៍​ពីអ្នកមើល​ឬអ្នកស្ដាប់ ចំពោះ​សកម្មភាព​ឬពាក្យសម្តី​របស់ខ្លួន និងអាច​ចាត់ទុក​ថា​ជារឿង​លេងសើច​ធម្មតា មិនមាន​អ្វីធ្ងន់ធ្ងរ​ ប៉ុន្តែ​សកម្មភាព​ឬពាក្យសម្ដី​ទាំងនោះ​អាចប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​អារម្មណ៍ ក៏ដូចជា​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដែល​ត្រូវទទួលរង​នូវសកម្មភាព​ឬពាក្យសម្ដី​ទាំងនោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ ជាពិសេស​យុវជន​ ត្រូវធ្វើសកម្មភាព​ឬប្រើប្រាស់​ពាក្យសម្ដី​ជាមួយ​អ្នកដទៃ​ដោយការ​គោរពគ្នា​ទៅវិញ​ទៅមក និងប្រកាន់ខ្ជាប់​នូវសីលធម៌ គុណធម៌ និង សេចក្តី​ថ្លៃថ្នូរ​របស់​ខ្មែរយើង ឱ្យស័ក្តិសម​ជាប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុងសង្គម​ស៊ីវិល័យ។

សម្ដេចធិបតី​ថែមទាំង​បានសង្កត់ធ្ងន់​ថា បើទោះបី​ជាសកម្មភាព​ស្របច្បាប់​ឬការបញ្ចេញ​មតិ​ជាសិទ្ធិ​របស់​បុគ្គល ក៏ប៉ុន្តែ​ការគោរព​សិទ្ធិ​និងសេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដទៃ ជាកាតព្វកិច្ច​សីលធម៌​របស់​យើងទាំងអស់គ្នា និងដែលត្រូវ​ប្រកាន់ខ្ជាប់​គ្រប់ពេល​វេលា ដើម្បី​ចូលរួម​ថែរក្សា​សុខដុមនីយកម្ម​សង្គម៕

你可能还喜欢