ក្រសួងសុខាភិបាល៖ ការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមកើនឡើង ៥៩% ក្នុងឆ្នាំ២០២៤

លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ជំងឺ​ទឹកនោមផ្អែម​មានចំនួន ២៣០ ២៧៩ ករណី កើនឡើង ៥៩% និងអ្នកជំងឺ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មានចំនួន ១៧ ៥៣៤ នាក់ កើនឡើង ៤៣,២៥% បើធៀបនឹងឆ្នាំ២០២៣។

នៅក្នុង​ពិធីបិទ​សន្និបាត​លើកទី៤៤ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក ឈាង រ៉ា បានបញ្ជាក់ថា ការប្រើប្រាស់​សេវា​ជំងឺ​មិនឆ្លង​ចម្បងៗ​នៅក្នុង​ឆ្នាំ២០២៤ បានកើនឡើង​គួរឱ្យ​កត់សម្គាល់ ជាពិសេស​ការប្រើប្រាស់​សេវា​ជំងឺ​ទឹកនោមផ្អែម ដែលមាន ២៣០ ២៧៩ ករណី កើនឡើង៥៩% បើធៀបនឹង​ឆ្នាំ២០២៣។

លោកបាន​បញ្ជាក់​បន្ថែមថា ក្រៅពី​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ឡើងសម្ពាធឈាម​កើនឡើង២១% ជំងឺ​សុខភាព​ផ្លូវចិត្ត​ដែលបញ្ជាក់​ពីសមត្ថភាព​នៃការផ្តល់​សេវា​មានការ​កើនឡើង និងពី​បន្ទុក​ជំងឺ​មិនឆ្លង​នេះផងដែរ។ ជំងឺ​មិនឆ្លង​ចម្បងៗ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​ឡើងសម្ពាធឈាម ជំងឺ​បេះដូង​សរសៃឈាម ជំងឺមហារីក និង ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជាមូលហេតុ​ចម្បង​នៃការស្លាប់​និងពិការភាព​របស់​ប្រជាជន​កម្ពុជា ខណៈដែល​កម្ពុជា​កំពុង​ឈានទៅកាន់​សង្គម​ដែលមាន​មនុស្ស​វ័យចាស់​កាន់តែច្រើន។

ដើម្បី​ឆ្ពោះទៅកាន់​គោលដៅ​នៃការគ្រប់គ្រង​ការគ្របដណ្តប់​សុខភាព​ជាសកល​នៅកម្ពុជា​ឆ្នាំ២០៣៥ ប្រព័ន្ធ​សុខាភិបាល​បានបន្ត​ពង្រីក​និងអភិវឌ្ឍ​សេវា​ថែទាំ​សុខភាព ព្រមទាំង​លើកកម្ពស់​គុណភាព​សេវា​ជាប្រចាំ។ បន្ត​ពង្រឹង​សមត្ថភាព​ស្នូលនៃនិយ័តកម្ម​សុខភាព​អន្តរជាតិ​នៃប្រព័ន្ធ​សុខាភិបាល​នៅថ្នាក់ជាតិ​និងថ្នាក់​ក្រោមជាតិ។ ការរៀបចំ​និងការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​កំពុង​ប្រព្រឹត្ត​ទៅយ៉ាង​សកម្ម ដើម្បី​លើកកម្ពស់​និងអនុវត្ត​តួនាទី​និងមុខងារ​ស្ថាប័ន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និងប្រសិទ្ធិភាពខ្ពស់។ ធ្វើអន្តរាគមន៍​អាទិភាព​មួយចំនួន រួមមាន​ការបង្ការ​និងការ​គ្រប់គ្រង​ជំងឺ​មហារីក ការថែទាំ​សុខភាព​មាតា​និងទារក អន្តរាគមន៍​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឆ្នាំ២០២៥ ការពង្រឹក​សេវា​មណ្ឌល​សុខភាព​និងសេវា​ថែទាំ​សុខភាព​បឋម និង ការពង្រឹង​និយ័តកម្ម​សេវា​សុខាភិបាល​សាធារណៈ​និងឯកជន៕

你可能还喜欢