កម្ពុជានឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅខែមេសា ឆ្នាំ២០២៥

ព្រះរាជ​ពិធី​បួងសួងចម្រើន​សេចក្តីសុខ​ជូនដល់​ព្រះរាជាណាចក្រ​កម្ពុជា នឹងប្រារព្ធឡើងនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម ​សីហមុនី​ ​ព្រះមហាក្សត្រ​កម្ពុជា។

ដើម្បី​ឱ្យព្រះរាជពិធី​នេះប្រព្រឹត្តទៅ​ដោយរលូន​និងទទួលបាន​ជោគជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​បួងសួង​ចម្រើនសេចក្តីសុខ​ជូនដល់​ព្រះរាជាណាចក្រ​កម្ពុជា ដោយមានសមាសភាព​សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និងជា​ប្រធានគណៈកម្មាធិការ​ជាតិរៀបចំ​បុណ្យជាតិ​និងអន្តរជាតិជា​ប្រធាន រួមជាមួយអនុប្រធាន​ចំនួន ៨ រូប និងសមាជិក​ចំនួន ២៣ រូប។

គណៈកម្មការ​អន្តរក្រសួងនេះ មានតួនាទី​និងភារកិច្ចដឹកនាំ រៀបចំ ចាត់ចែង សម្របសម្រួល​ជាមួយ​ស្ថាប័ន​និងអង្គភាព​ពាក់ព័ន្ធ ដើម្បី​ឱ្យដំណើរការ​នៃការ​រៀបចំ​ព្រះរាជពិធី​ប្រព្រឹត្តទៅ​បានល្អ។ រៀបចំ​គម្រោង​ចំណាយ​ផ្សេងៗនៃដំណើរការ​ក្នុងការ​រៀបចំ​ព្រះរាជពិធីនេះ។ រៀបចំ​ការពារ​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ ចរាចរណ៍ និង ធានា​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្រាន់ មុន-ក្រោយ ក្នុងពេល​ប្រារព្ធព្រះរាជពិធី និងតាមផ្លូវឆ្លងកាត់។ ទំនាក់ទំនងនិងសហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អញ្ជើញភ្ញៀវជាតិ​និងអន្តរជាតិ ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធនឹងការ​ប្រារព្ធ​ព្រះរាជពិធីនេះ​ឱ្យបាន​ទូលំទូលាយ៕

你可能还喜欢