សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ
នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក ខូវ ឆាយ បានរាយការណ៍ជូនសម្ដេចធិបតីដោយសង្ខេបអំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្ត ចំនួន ២៣ ជាសមាជិក និងមានក្លិបចំណុះសមាគមចំនួន ១៤៤ ក្លិប។ គិតត្រឹមឆ្នាំ២០២៤ កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១ ២៣៦ នាក់ ក្នុងនោះកីឡាករចំនួន ១ ១៩១ នាក់ កីឡាការិនីចំនួន ៤៥ នាក់ និងគ្រូបង្វឹកចំនួន ១៤៤ នាក់ គ្រូជំនួយចំនួន ១៤៨ នាក់ មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលនិងចៅក្រមចំនួន ១៨០ នាក់ (ស្រី ១២ នាក់) និង មន្រ្តីលេខាធិការដ្ឋានចំនួន ៧ នាក់។
លោកបានបន្ថែមទៀតថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ ២២ កម្មវិធីក្នុង ១ សប្តាហ៍ បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបងនិងភូមិភាគសៀមរាប ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី ខេត្ត ក្រុង និង ស្រុកប្រចាំសប្តាហ៍ផងដែរ។ ក្រៅពីនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាងការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេចបានបន្ថែមទៀតថា បច្ចុប្បន្ននេះកីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។
សម្ដេចធិបតីបានលើកទឹកចិត្តដល់សហព័ន្ធ ឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយនិងយ៉ាងផុសផុល ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ននិងអាជ្ញាធរដែនដី ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស ក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ។ សម្តេចក៏បានលើកទឹកចិត្តឱ្យសហព័ន្ធបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕