នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិនិយោគិនបាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា

ក្នុងពិធី​បើក «កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា ឆ្នាំ២០២៥» នាព្រឹក​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងថា វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ បាននិង​កំពុង​ទទួល​ផលប្រយោជន៍​ពីបរិយាកាស​អំណោយផល​សម្រាប់​ការវិនិយោគ ប្រកបដោយ​សុវត្ថិភាព​និង​និរន្តរភាព​នៃធុរកិច្ច​នៅកម្ពុជា។

សម្តេចធិបតី​បានលើកឡើងថា កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា ជាគោលដៅ​កំពូល​សម្រាប់​ការវិនិយោគ​ផ្ទាល់ពីបរទេស (FDI) និងជា​ច្រកទ្វារ​ទៅកាន់​តំបន់​អាស៊ាន។​ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​​ ៧ ប៊ីលាន​ដុល្លារអាម៉េរិក ដោយបាន​កើនឡើង ៤០% បើធៀបនឹង​ឆ្នាំ២០២៣។

សម្ដេច​បានបន្ថែមថា កម្ពុជា​បាននិង​កំពុង​វិនិយោគ​ជាយុទ្ធសាស្រ្ត​លើបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ប្រកបដោយ​ភាពគ្រប់​ជ្រុងជ្រោយ​និងប្រទាក់​ក្រឡា ដែលរួម​បញ្ចូល​ទាំងផ្លូវល្បឿនលឿន កំពង់ផែ​ទឹកជ្រៅ អាកាសយានដ្ឋាន​អន្តរជាតិ និង មជ្ឈមណ្ឌល​ភស្តុភារកម្ម។ បន្ថែម​លើនេះ កម្ពុជា​បាននិង​កំពុង​ធ្វើការ​យ៉ាងយក​ចិត្តទុកដាក់ ដើម្បី​រុះរើ​និងកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម សម្រួល​នីតិវិធី​គយនិង​ការចុះបញ្ជី​អាជីវកម្ម និងបង្កើត​បរិយាកាស​គតិយុត្ត​ប្រកបដោយ​ភាពច្បាស់លាស់​និងតម្លាភាព។

សម្តេច​បានបញ្ជាក់​ថា កម្ពុជា​បានផ្តល់​តម្លៃ​ខ្ពស់ចំពោះ​ថាមពល​នៃភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​និងវិនិយោគិន​ជាតិ​និង​អន្តរជាតិ ដោយបាន​ផ្តល់អាទិភាព​ដល់កិច្ចសន្ទនា​បើកចំហ និងការ​ជំរុញ​បរិយាកាស​ឆ្លើយតប​ប្រកបដោយ​ជវភាព ដោយរៀបចំ​ជាទៀងទាត់​នូវវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​និងកង្វល់​ចម្បងៗ​របស់​វិស័យ​ឯកជន។

មុននឹងបញ្ចប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​ផងដែរថា រាជរដ្ឋាភិបាល​បាននិង​កំពុង​ធ្វើការ​យ៉ាងយក​ចិត្តទុកដាក់ ដើម្បី​កាត់បន្ថយ​បន្ទុក​របស់​វិស័យ​ឯកជន ដោយបាន​ដាក់ចេញ​នូវវិធានការ​កែទម្រង់ និងផ្តល់ជូន​នូវ​អត្ថប្រយោជន៍​​ជា​ច្រើន​ ដោយបាន​បង្កើត​ក្រុមការងារ​អន្តរ​ក្រសួង ដែលមាន​សមាជិក​មកពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ជាង ៣០ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​និងវិនិយោគ​នៅកម្ពុជា ការកែទម្រង់​របស់​រាជរដ្ឋាភិបាល​ដែលគាំទ្រ​ដល់ធុរកិច្ច ផ្តល់ជូននូវ​ការលើក​ទឹកចិត្ត​ដ៏គួរឱ្យ​ទាក់ទាញ ដោយផ្អែកលើ​ច្បាប់ស្តីពី​វិនិយោគ​នៃព្រះរាជាណាចក្រ​កម្ពុជា ដោយរួម​បញ្ចូល​ទាំងការ​អនុគ្រោះ​ពន្ធ​រហូត​ដល់ ១៥ ឆ្នាំ សម្រាប់​វិស័យ​អាទិភាព។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវកម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ និងបណ្តា​ខេត្តនៅ​ភូមិភាគ​ឦសាន ដោយផ្តល់ជូន​នូវការ​លើកទឹកចិត្ត​ពិសេស​លើសពីច្បាប់​ស្តីពី​វិនិយោគ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដ៏ទូលំ​ទូលាយ​ដល់យុវជន​ចំនួន ១,៥ លាននាក់ ដើម្បី​បំពេញ​តម្រូវការ​របស់​វិស័យ​ឯកជន ព្រមទាំង​បាននិង​កំពុង​ផ្តល់​អាទិភាព​ខ្ពស់ដល់ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ដ៏រឹងមាំ​ផងដែរ៕

你可能还喜欢