លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈអភិបាលក្រុងចឹងចូវ ខេត្តហ៊ឺណាន និងក្រុមវិនិយោគិនចិនប្រមាណ ៥០ ក្រុមហ៊ុន

កាលពី​រសៀល​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពីបរិយាកាស​វិនិយោគ​នៅកម្ពុជា​របស់​គណៈប្រតិភូ​នៃគណៈអភិបាល​រដ្ឋបាល​ប្រជាជន​ក្រុងចឹងចូវ (Zhengzhou) ខេត្តហ៊ឺណាន (Henan) នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមជាមួយ​គណៈប្រតិភូ​វិនិយោគិន​នៃខេត្តហ៊ឺណាន ​សរុប​ប្រមាណ ៥០ ក្រុមហ៊ុន ដែលដឹកនាំ​ដោយលោកស្រី លី ហ្វឹងជឺ (Li Fengzhi) អភិបាលរង​ក្រុងចឹងចូវ និងមាន​វត្តមាន​ចូលរួម​ផងដែរ​ពីសំណាក់​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ​ប្រចាំ​កម្ពុជា។

លោក ស៊ុន ចាន់ថុល បានសម្តែង​នូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះគណៈប្រតិភូ ដែលបាន​ចំណាយ​ពេលវេលា​មកបំពេញ​ទស្សកិច្ច​ស្វែងយល់​ដោយផ្ទាល់​អំពី​បរិយាកាស​វិនិយោគ​នៅកម្ពុជា​នាពេលបច្ចុប្បន្ន ដែលបង្ហាញ​ឱ្យឃើញ​ពីចំណង​មិត្តភាព​កម្ពុជា-ចិន​ដ៏រឹងមាំ​ស្អិតល្មួត ក្នុងនាមជា​មិត្តដែកថែប។

លោក វ៉ាង វិនពីន បានវាយ​តម្លៃខ្ពស់​ចំពោះ​ការអភិវឌ្ឍ​យ៉ាងធំធេង​នៃទំនាក់​ទំនង​ចិន-កម្ពុជា ដែលត្រូវបាន​ពូនជ្រំ​ដោយយកចិត្ត​ទុកដាក់​ពីសំណាក់​ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ និងកំពុង​បន្ត​រីកចំរើន​កាន់តែ​រឹងមាំ​ឥតឈប់ឈរ​ថែមទៀត និងបាន​រំលេច​ដែរថា កម្ពុជា​គឺពិតជា​គោលដៅ​វិនិយោគ​មួយដ៏ប្រពៃ បើធៀបនឹង​គោលដៅ​ដទៃ​នៅក្នុង​តំបន់។

ដើម្បី​ជាការ​បំភ្លឺ​បន្ថែម​ឱ្យកាន់តែ​ច្បាស់ជូន​គណៈប្រតិភូ​ លោក ស៊ុន ចាន់ថុល បានលើកឡើង​អំពី​សក្តានុពល​វិជ្ជមាន​នានា​របស់​កម្ពុជា ដែលជា​មូលដ្ឋាន​សម្រាប់​ពិចារណា​ក្នុងការ​សម្រេចចិត្ត​វិនិយោគ និងបាន​លើកឡើង​អំពី​មុខសញ្ញា​វិនិយោគ​ជាអាទិភាព​របស់​កម្ពុជា ដែលគណៈប្រតិភូ​វិនិយោគិន​គួរតែ​សិក្សា​ពិនិត្យ​លទ្ធភាព ក្នុងនោះ​រួមមាន​រោងចក្រ​ឧស្សាហកម្ម ឧស្សាហកម្ម​យានយន្ត ឧស្សាហកម្ម​អេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កសិកម្ម​និងកសិ-ឧស្សាហកម្ម ការកែច្នៃ​ចំណីអាហារ ថាមពល​បៃតង ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​អប់រំ​បណ្តុះបណ្តាល វិស័យ​សុខាភិបាល បច្ចេកវិទ្យា​ឌីជីថល សហគ្រាស / អាជីវកម្ម​ខ្នាតតូច​និងមធ្យម (SMEs) និង សេវាកម្ម​ផ្សេងៗទៀត។

លោកស្រី លី ហ្វឹងជឺ បានរំលេច​ជាពិសេស​អំពី​គម្រោង​ស្នើសុំ​វិនិយោគ​សួនកសិ-ឧស្សាហកម្ម សម្រាប់​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ លើការ​កែច្នៃផលិតផល​កសិកម្ម​នៅកម្ពុជា​របស់​រដ្ឋបាល​ខេត្តហ៊ឺណាន ដែលត្រូវបាន​រំពឹងថា​នឹងវិនិយោគ​ឱ្យក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពិសេស លើផលិតផល​កសិកម្ម ការកែច្នៃ​ផលិតផល​កសិកម្ម ការផ្ដល់​សេវាកម្ម​លើបច្ចេកវិទ្យា​កសិកម្ម និង ជាទីតាំង​ស្តុកផលិតផល​កសិកម្ម តាមរយៈ​ការទាក់ទាញ​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ ដែលមាន​មុខសញ្ញា​អាជីវកម្ម​ពាក់ព័ន្ធ​នឹងវិស័យ​កសិកម្ម​បែបទំនើប។

ក្នុងឱកាស​នៃជំនួបនេះ ក្រុមហ៊ុន​មួយចំនួន​ក៏បានធ្វើ​បទបង្ហាញ​អំពីខ្សែច្រវាក់​ផលិតកម្ម បច្ចេកទេស បច្ចេកវិទ្យា និង ផលិតផល​របស់​ខ្លួន ដើម្បី​ជាមូលដ្ឋាន​ក្នុងការ​ឈានទៅ​រកការចាប់​ដៃសហការ ផ្គូផ្គង​ធុរកិច្ច​ជាមួយគ្នា​នាពេល​អនាគត។

ភាគីទាំងពីរ​ក៏បានបញ្ជាក់​សាជាថ្មី​នូវការ​ប្តេជ្ញា​ចិត្ត ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​និងកាន់តែ​ជិតស្និទ្ធ​ថែមទៀត​នៃភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងចូលរួម​សហការ​អនុវត្ត​ផែនការ​កសាង​កម្ពុជា​ក្នុងយុគសម័យ​ថ្មី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និងរដ្ឋាភិបាលចិន (២០២៤ – ២០២៨) ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ទៀត ដូចជា “ច្រករបៀង​ឧស្សាហកម្ម​និងបច្ចេកវិទ្យា” “ច្រករបៀង​មច្ឆា​និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល” ជាដើម៕

你可能还喜欢