លោក ស៊ុន ចាន់ថុល ៖ កម្ពុជាគឺជាទីតាំងដែលវិនិយោគិនគួរពិចារណា ក្នុងការបណ្តាក់ទុនវិនិយោគ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានថ្លែងថា កម្ពុជា​គឺជា​ទីតាំង​ដែលវិនិយោគិន​គ្រប់មជ្ឈដ្ឋាន ជាពិសេស​វិនិយោគិន​បរទេស​ គួរពិចារណា​ក្នុងការ​មកបណ្តាក់ទុន​វិនិយោគ ព្រោះរាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​នូវ​លក្ខខណ្ឌយ៉ាងល្អ​សម្រាប់​វិនិយោគិន។

លោក ស៊ុន ចាន់ថុល បានលើកឡើង​បែបនេះ ក្នុងឱកាស​ដែលលោក​ថ្លែងសុន្ទរកថា​គន្លឹះ​បើកវេទិកា​ពិភាក្សា និងធ្វើជា​វាគ្មិន​កិត្តិយស​ពិភាក្សា​ជុំវិញ​ប្រធានបទ «ការលើកកម្ពស់​វិបុលភាព​តាមរយៈ​ពាណិជ្ជកម្ម​និងការវិនិយោគ» ដែលជា​របៀបវារៈ​មួយនៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញ​ការតភ្ជាប់​អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង ពាណិជ្ជកម្ម»កាលពី​រសៀល​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ។

លោកបាន​លើកឡើង​អំពី​បច្ច័យ​វិជ្ជមាន​នានា ដែលជាហេតុ​នាំឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ដែលគួរ​ពិចារណា​ក្នុងការ​មកដាក់ទុន​វិនិយោគ និងមុខសញ្ញា​វិនិយោគ​ជាអាទិភាព​របស់​កម្ពុជា ដែលមាន​របត់​ផ្លាស់ប្តូរ​ស្របតាម​និន្នាការ​ជាសកល។ លោកថែមទាំង​បានរំលេច​អំពី​កំណើន​នៃគម្រោង​វិនិយោគ​ដែលគួរឱ្យ​កត់សម្គាល់ ក្នុងកំណត់ត្រា​គម្រោង​វិនិយោគ​ដែលបាន​អនុម័ត គឹជា​សក្ខីភាព​ជាក់ស្តែង​បង្ហាញ​ឱ្យឃើញ​ពីប្រសិទ្ធភាព​នៃច្បាប់​ស្តីពី​ការវិនិយោគ ក៏ដូចជា​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ក្នុងការ​ថែទាំ​និងគាំទ្រ​កិច្ចការ​វិនិយោគ​នៅកម្ពុជា និងបាន​បង្ហាញពី​ការយកចិត្ត​ទុកដាក់​ខ្ពស់របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន ដោយបាន​ចាត់ទុក​វិស័យ​នេះជា​ម៉ាស៊ីន​ដ៏សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

តាមរយៈ​វេទិកា​នៃការពិភាក្សានេះ លោក ស៊ុន ចាន់ថុល បានរំពឹងថា ធុរជន​ វិនិយោគិន និង អ្នកចូលរួម​ចម្រុះ​ជាតិសាសន៍ ពិសេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នឹងបាន​ឈ្វេងយល់​បន្ថែម​មួយកម្រិត​ទៀតអំពី​បច្ចុប្បនភាព​នៃបរិយាកាស​វិនិយោគ​និងការធ្វើ​ធុរកិច្ច​នៅកម្ពុជា ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ផ្ទាល់ ក្នុងការ​ជំ​រុញ​កំណើន​ប្រកបដោយ​ចីរភាព​និងបរិយាប័ន្ន ដូចដែល​បានបង្ហាញ​នៅក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ស្របទៅនឹង​គោលបំណង​សេដ្ឋកិច្ច​រួមរបស់​អាស៊ាន​ផងដែរ។

វេទិកា​នេះត្រូវបាន​រៀបចំ​ឡើង ក្នុងគោល​បំណង​ដើម្បី​ពិនិត្យ​ពិភាក្សា​ពាក់ព័ន្ធ​នឹងបែបផែន ដែលសមាគម​អាស៊ាន​ទាំងមូល​កំពុង​ចាប់យក​វិស័យ​ពាណិជ្ជកម្ម​និងការ​វិនិយោគ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​និងការអភិវឌ្ឍ​នៅទូទាំង​តំបន់។ ផ្តល់ឱកាស​ឱ្យអ្នកចូលរួម​ស្តាប់បាន​ស្វែងយល់​បន្ថែម​អំពី​យុទ្ធសាស្ត្រ​គន្លឹះ គំនិត​ផ្តួចផ្តើម និង ភាពជា​ដៃគូ ដែលកំពុង​ពូនជ្រំ​បរិយាកាស​សេដ្ឋកិច្ច និងរួម​ចំណែក​ជំរុញ​ឱ្យសមាគម​អាស៊ាន​កាន់តែ​មានភាព​លេចធ្លោ​នៅលើ​ឆាកនៃវិស័យ​សេដ្ឋកិច្ច​របស់​សកលលោក៕

你可能还喜欢