ក្រុមហ៊ុនកម្ពុជា-ចិនរួមគ្នាពន្លឿនកម្មវិធីឌីជីថលនីយកម្ម សម្រាប់ផលិតផលក្នុងស្រុកនៅកម្ពុជា

ក្រុមហ៊ុន Huawei (Cambodia) បានចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា ជាមួយ​ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេក្នុង​ប្រទេស​កម្ពុជា។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានលើកឡើង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា ការចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​រវាង​ក្រុមហ៊ុន  Huawei (Cambodia) ជាមួយ​ក្រុមហ៊ុន Smart Axiata គឺធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​បង្កើត​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ នៅក្នុង​ដំណោះស្រាយ​ច្នៃប្រឌិត​រួមគ្នា​រវាង​អាជីវកម្ម​និងអាជីវកម្ម (B2B) និងពង្រីក​ទីផ្សារ។

លោកបានគូស​បញ្ជាក់​បន្ថែមថា ភាគី​ទាំងពីរ​នឹងពន្លឿន​កម្មវិធី​ឌីជីថលូបនីយកម្ម​សម្រាប់​ផលិតផល​ក្នុងស្រុក​នៅកម្ពុជា។

ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា រវាង​ក្រុមហ៊ុន Huawei (Cambodia) ជាមួយ​ក្រុមហ៊ុន Smart Axiata ធ្វើឡើងក្នុងអំឡុង​សមាជ​ទូរសព្ទ​ពិភពលោក (MWC) ២០២៥ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ដោយមាន​លោក Sharif Mahfoedz CBO នៃក្រុមហ៊ុន Smart Axiata និងលោក ហ័ង ហឺ (Huang He) នាយកផ្នែក Smart Axiata របស់​ក្រុមហ៊ុន Huawei និងធ្វើឡើង​ក្រោមអធិបតីភាព​និងជា​សាក្សី​ដោយលោក Ziad Shatara នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក Muhammad Adeel Israr នាយក​ផ្នែកនវានុវត្តន៍ នៃក្រុមហ៊ុន Smart Axiata លោក តឹង ស៊ុយគិន (Deng Shuigen) ប្រធានក្រុមហ៊ុន Huawei Asia Pacific Carrier Sales Business និងលោក ថោវ គ័ងអ៊ាវ (Tao Guangyao) នាយកប្រតិបត្តិ​ក្រុមហ៊ុន Huawei កម្ពុជា។

តាមរយៈ​អនុស្សរណៈ​នៃការយោគយល់គ្នានេះ ក្រុមហ៊ុន Huawei Cambodia និងក្រុមហ៊ុន Smart Axiata នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​រួមគ្នា ដើម្បី​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ដំណោះស្រាយ​នវានុវត្តន៍​ B2B និងការអភិវឌ្ឍ​ទីផ្សារ ជាមួយ​គោលដៅ​ពន្លឿន​ឌីជីថលូបនីយកម្ម​នៃឧស្សាហកម្ម​ក្នុងស្រុក​នៅកម្ពុជា។

ថ្លែងក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក Sharif Mahfoedz បានថ្លែងថា ភាពជា​ដៃគូ​របស់​យើងជាមួយ​ក្រុមហ៊ុន Huawei ជាការ​វិវត្ត​ដ៏សំខាន់​ដែលនឹង​អនុញ្ញាត​ឱ្យយើង​នាំយក​នូវដំណោះស្រាយ​ទំនើបៗ ដែលបញ្ចេញ​សក្ដានុពល​ថ្មីៗ និងជំរុញ​កំណើន​ក្នុងអាជីវកម្ម​នៅប្រទេស​កម្ពុជា។

លោក ថោវ គ័ងអ៊ាវ បានលើកឡើងថា ក្នុងនាម​ជាក្រុមហ៊ុន​នាំមុខគេ​លើសកលលោក​លើដំណោះស្រាយ​បច្ចេកវិទ្យា​ប្រកបដោយ​និរន្តរភាព និងជា​អ្នកផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដ៏គួរឱ្យ​ទុកចិត្ត Huawei មានមោទកភាព​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន Smart Axiata ជំរុញ​ការបង្កើត​ដំណោះស្រាយ​ឧស្សាហកម្ម B2B។ ជាមួយ​កំណត់ត្រា​សមិទ្ធផល​របស់​យើងនៅ​ទូទាំង​ពិភពលោក ដែលបាន​ជំរុញ​អាជីវកម្ម​រាប់មិនអស់ តាមរយៈ​ដំណោះស្រាយ​បច្ចេកវិទ្យា​ឌីជីថល​ទំនើបៗ 5G យើងប្ដេជ្ញាចិត្ត​ក្នុងការ​នាំយក​ជោគជ័យ​ទាំងនេះ​មកកាន់​ប្រទេស​កម្ពុជា។ តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart Axiata យើងនឹង​ប្រើប្រាស់​អ្នកជំនាញ​ជាសកល​របស់​យើងជាមួយ​នឹងការ​យល់ដឹង​ក្នុងស្រុក ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​កម្រិតខ្ពស់​ដែលជំរុញ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្ពោះទៅមុខ។

កិច្ចសហការ​នេះ នឹងរួមបញ្ចូល​គ្នានូវ​ហេដ្ឋារចនាសម្ព័ន្ធ​និងជំនាញ​ក្នុងស្រុក​យ៉ាងទូលំទូលាយ​របស់ក្រុមហ៊ុន Smart Axiata ក៏ដូចជា​អតិថិជន​ដ៏ច្រើន​ជាមួយ​នឹងបច្ចេកវិទ្យា ICT កម្រិត​ខ្ពស់របស់ Huawei (មាន 5G, FWA, SD-WAN ជាដើម) និងបទពិសោធ​ឧស្សាហកម្ម​ដ៏សម្បូរបែប។ តាមរយៈ​ការរួមគ្នា​បង្កើត​ដំណោះស្រាយ B2B ភាគីទាំងពីរ​នឹងនាំមក​នូវកម្មវិធី​និងសេវាកម្ម ប្រកបដោយ​នវានុវត្តន៍​បន្ថែម​ទៀតដល់​ឧស្សាហកម្ម​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដូចជា​ការផលិត ការជីក​យករ៉ែ និង ហិរញ្ញវត្ថុ​ក្នុងសហគ្រាស​ធំៗ ក៏ដូចជា​ការនាំមក​នូវការ​ច្នៃប្រឌិត​ដល់សហគ្រាស​ធុនតូច​និងមធ្យម ដោយផ្តល់​សេវាកម្ម​គ្រប់គ្រង​និងដំណោះស្រាយ​ផ្សេងទៀត​ដែលនឹង​លើកកម្ពស់​ប្រសិទ្ធភាព​អាជីវកម្ម​នៅក្នុងប្រទេស​កម្ពុជា៕

你可能还喜欢