លោក ហួត ហាក់ ចូលលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ នៅប្រទេសអាល្លឺម៉ង់
កាលពីពេលថ្មីៗនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ ឆ្នាំ២០២៥ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍លើកនេះ ធ្វើឡើងក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ ធានាបាននូវសន្តិភាព៖ ពង្រឹងកំណើន សម្រួចអនាគត” ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍មកពី ២៤ ប្រទេស និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសផ្សេងៗទៀត សរុបប្រមាណ ៥០ ប្រទេស។
កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំរដ្ឋមន្ត្រីទេសចរណ៍និងអ្នកបង្កើតគោលនយោបាយ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនិងឱកាសនៃវិស័យទេសចរណ៍សកលលោកសំខាន់ៗ ស្របតាមនិន្នាការទេសចរណ៍និងសភាពការណ៍ពិភពលោក ដែលផ្ដោតលើប្រធានបទសំខាន់ៗ ដូចជាការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍និងការអភិវឌ្ឍប្រកបដោយនិរន្តភាព និងតួនាទីរបស់វិស័យទេសចរណ៍ក្នុងការលើកកម្ពស់ការកសាងសន្តិភាពសកល និងការដោះស្រាយជម្លោះ ព្រមទាំងរក្សាការវិនិយោគទេសចរណ៍អំឡុងពេលនៃបញ្ហាភូមិសាស្ត្រនយោបាយនិងអស្ថិរភាពសេដ្ឋកិច្ច ពិសេសជំរុញគោលបំណងនៃទិវាទេសចរណ៍ពិភពលោក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាកាន់តែច្រើនតាមរយៈទេសចរណ៍៕