នាយករដ្ឋមន្ត្រីកម្ពុជា៖ ការសម្រួលចរាចរណ៍ត្រូវផ្តល់អាទិភាព ដល់រថយន្តសង្គ្រោះបន្ទាន់ និងគិតគូរដល់ពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានថ្លែងថា កម្លាំង​មានសមត្ថកិច្ច​ទាំងអស់ ក្នុងពេល​សម្រួល​ចរាចរណ៍​ដល់ក្បួនរថយន្ត​ថ្នាក់ដឹកនាំ ត្រូវផ្តល់​អាទិភាព​ដល់រថយន្ត​សង្គ្រោះ​បន្ទាន់ និងគិតគូរពីពេលវេលា​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ​កាត់បន្ថយ​ពេលវេលា​បិទផ្លូវ​សម្រាប់​ក្បួនរថយន្ត​ថ្នាក់ដឹកនាំ​ឆ្លងកាត់។

តាមរយៈ​សារជា​សំឡេង​នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី​បានស្នើដល់​នគរបាល​ចរាចរណ៍​និងកម្លាំង​មានសមត្ថកិច្ច​ក្នុងពេល​សម្រួល​ចរាចរណ៍​ជូនក្បួនរថយន្ត​ថ្នាក់ដឹកនាំ បូករួមទាំង​រថយន្ត​នាយករដ្ឋមន្ត្រី​ផងដែរ ត្រូវផ្តល់​អាទិភាព​ដល់រថយន្ត​សង្គ្រោះ​បន្ទាន់ ព្រោះការ​ជួយសង្គ្រោះ​ជីវិតមនុស្ស​សំខាន់ជាង​ក្បួនរថយន្ត​ថ្នាក់ដឹកនាំ។ ទន្ទឹមនឹងនេះ ក៏ត្រូវ​គិតគូរ​ដល់ការកកស្ទះ​ចរាចរណ៍​ ប៉ះពាល់​ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដោយសារ​តែការបិទផ្លូវ​សម្រាប់​ក្បួនរថយន្ត​ថ្នាក់ដឹកនាំ ព្រោះ​ប្រជាពលរដ្ឋ​ក៏ត្រូវការបំពេញ​ការងារ​ឱ្យទាន់​ពេលវេលាផងដែរ។

សម្តេច​បានផ្តល់នូវ​អនុសាសន៍​ជូន​ក្រសួង​និងស្ថាប័ន​មានសមត្ថកិច្ច ធ្វើយ៉ាងណា​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងកិច្ចការ​សម្រួល​ចរាចរណ៍​ជូនថ្នាក់ដឹកនាំផង ​និងជូន​ប្រជាពលរដ្ឋផង ដូចជា​ការកាត់បន្ថយ​ពេលវេលា​បិទផ្លូវ ការបញ្ចៀស​ចរាចរណ៍​ និង ការសម្រួល​ចរាចរណ៍​ជាដើម។

ក្នុងឱកាស​នេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ថ្លែងអំណរគុណ ​និងកោតសរសើរ​ដល់បងប្អូន​សមត្ថកិច្ច​ទាំងអស់ ជាពិសេស​នគរបាល​ចរាចរណ៍ ដែលបាន​ខិតខំ​ប្រឹងប្រែង​គ្រប់ពេល​វេលា ដើម្បី​ធានា​នូវសុវត្ថិភាព ​និងសណ្ដាប់ធ្នាប់​ចរាចរណ៍​ តាមបណ្តោយ​ដងផ្លូវ​សាធារណៈ​នៅទូទាំង​ប្រទេស ជាពិសេស​នៅរាជធានី​ភ្នំពេញ ​ដែលមាន​ប្រជាជន​ច្រើន ហើយសកម្មភាព​សេដ្ឋកិច្ច​ក៏រស់​រវើក​ខ្លាំង។

សម្តេច​បានថ្លែងថា៖ “ខ្លួនខ្ញុំ​ក៏ធ្លាប់​ដឹកនាំ​ផ្ទាល់ នូវ​ការងារ​សន្តិសុខ​សម្រាប់​ការពារ​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ ខ្ញុំយល់ច្បាស់​អំពី​ការលំបាក​ ពេលខ្លះ​ក្នុងការ​បំពេញ​ភារកិច្ច​តាមតួនាទី ក្នុងការ​ធានា​តុល្យភាព​នៃការការពារ​សុវត្ថិភាព​ជូនថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ ជាមួយ​នឹងការ​សម្រួល​សកម្មភាព​ជូនប្រជាពលរដ្ឋ​ នៅក្នុង​តំបន់​ការពារ​សុវត្ថិភាព​មួយចំនួន។ ទោះជា​យ៉ាងនេះក្តី ការអនុវត្ត​ភារកិច្ច​ដោយម៉ឺងម៉ាត់ ​និងហ្មត់ចត់ ប្រកបដោយ​ភាពបត់បែន​ទៅតាម​ករណី​ចាំបាច់​នីមួយៗ ជាពិសេស​ករណី​ពាក់ព័ន្ធ​ជាមួយ​ការសង្គ្រោះ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ជាកិច្ចការ​ដែលយើង​ត្រូវខិតខំ​បន្ត​រួមគ្នា​ធ្វើ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់ប្រជាពលរដ្ឋ”។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមការយោគយល់​ពីសំណាក់​​ប្រជាពលរដ្ឋ ដែលទោះបី​ជាបងប្អូន​សមត្ថកិច្ច ​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ផលប៉ះពាល់ ​ជាអតិបរមា​យ៉ាងណា​ក៏ដោយ ក៏ពេលខ្លះ​មិនអាច​ជៀសផុត​ពីការ​រំខាន ​ដល់លំហូរ​ចរាចរណ៍​រយៈពេល​ខ្លី នៅតាម​ផ្លូវសាធារណៈ​មួយចំនួន​នោះទេ៕

你可能还喜欢