អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងរៀបចំឡើងក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី”
នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានធ្វើសន្និសីទសារព័ត៌មាននៅខេត្តសៀមរាប និងបានប្រកាសថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនៅលើទឹកដីអង្គរ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ដែលនេះគឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានលើកឡើងពីគោលបំណងកម្មវិធី និងទិដ្ឋភាពនៃការគិតគូរពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ដែលមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹមនិងភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
គណៈកម្មការបានគូសបញ្ជាក់បន្ថែមថា ប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នេះ នឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង ស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នេះផងដែរ ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក៏បានធ្វើឡើងនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ដើម្បីបួងសួងសុំសេចក្តីសុខសម្រាប់ដំណើរការព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥៕