ទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន បើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា
ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងឱកាសនៃការបើកសម្ពោធទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយកម្មការិនីដែលជាម្តាយឬជាអាណាព្យាបាល ដែលផ្ញើកូនក្នុងទារកដ្ឋាននេះផងដែរ។
សម្តេចធិបតីបានលើកឡើងថា ការបង្កើតទារកដ្ឋាន ជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ ១០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះតាំងពីដើមអាណត្តិ តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ ខែរហូតដល់អាយុ ៣ ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។
ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ទារកដ្ឋាននេះត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ដែលជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើងដោយមានសុខភាពល្អ។ បច្ចុប្បន្នរោងចក្រម៉ាវ៉ល ហ្កាមិន មានកម្មករនិយោជិតចំនួន ១៨ ៧៤៤ នាក់ (ស្ត្រី ១៧ ៥៩៧ នាក់)។ ក្នុងនោះ កម្មការិនីមានផ្ទៃពោះលើស ៣ ខែមានចំនួន ១ ០៤២ នាក់ និងមានទារកនិងកុមារអាយុលើសពី ៣-៣៦ ខែមានចំនួន ១ ០៩២ នាក់។ ទន្ទឹមនឹងនេះ រោងចក្រក៏មានការឧបត្ថម្ភប្រាក់ចំនួន ៥ ដុល្លារអាម៉េរិកក្នុង ១ ខែសម្រាប់ទារកម្នាក់ រហូតដល់អាយុ ៣៦ ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន)។
សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងនិយោជក នឹងសម្របសម្រួលបន្តកិច្ចការងារសាងសង់ទារកដ្ឋានសម្រាប់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ ដែលកិច្ចការងារមួយនេះនឹងបន្តវឌ្ឍនភាពរបស់ខ្លួន នឹងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តនានាផងដែរ ខណៈនៅតាមបណ្តាខេត្តមួយចំនួនក៏បានសាងសង់ទារកដ្ឋានរួចរាល់ហើយដែរនាពេលកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើការថែទាំសុខភាពទារកនៅក្នុងទារកដ្ឋាន បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះក្រសួងការងារក៏ត្រូវយកចិត្តទុកដាក់ពិនិត្យមើលយន្តការ ប.ស.ស. ដើម្បីឱ្យមានការប្រើប្រាស់សេវាថែទាំសុខភាពនៅទីនេះ ដើម្បីលើកកម្ពស់សុខុមាលភាពដល់កុមារតូចៗនៅក្នុងទារកដ្ឋានឱ្យកាន់តែល្អប្រសើរផងដែរ។
គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថាទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំ ប្រកបដោយគុណភាពនិងស្តង់ដា ដែលជួយគាំទ្រការលូតលាស់និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឪពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិត មានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល។
គោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ ម៉ឺនរៀលក្នុង ១ លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន ៤ លើកមុនពេលសម្រាល។ ពេលឆ្លងទន្លេ កូន ១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១,២ លានរៀល កូនភ្លោះ ៣ ទទួលបាន ១,៦ លានរៀល ដោយឡែកកូនភ្លោះ ៣ ក៏នឹងទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំនួន ៥ លានរៀលថែមទៀតផង៕