កម្ពុជា-ចិនជំរុញកិច្ចសហការវិនិយោគ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិន ដែលដឹកនាំដោយលោក លី យ៉ុងជីន (Li Yongjun) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេស នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈគ្នា ស្ដីពីកិច្ចសហការវិនិយោគនិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងនិងជំរុញរំហូរវិនិយោគចិនមកវិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសកម្ពុជា-ចិន។
ក្នុងឱកាសនៃជំនួប លោក សួន សុផល បានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្តចិន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្មនិងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគនិងបង្កើតកន្លែងការងារបានជាអតិបរមា។ បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយលោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកក៏បានជំរុញឱ្យវិនិយោគិនចិនមកកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈយន្ដការការងារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ចបៃតងនិងឌីជីថល ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញដល់ការវិនិយោគ ដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់៕