ធនាគារជាតិកម្ពុជាបើកសម្ពោធជាផ្លូវការ ការទូទាត់ឆ្លងដែនរវាងបាគងនិង UnionPay ដំណាក់កាលទី ២

ធនាគារជាតិ​នៃកម្ពុជា​និងក្រុមហ៊ុន​បណ្ដាញ​បណ្ណទូទាត់​អន្តរជាតិ (UnionPay International) បានដាក់ឱ្យ​ដំណើរការ​ជាផ្លូវការនូវប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​តាមឃ្យូអរកូត (QR Code) ដំណាក់កាលទី ២ (បាគងស្កេន UnionPay) រវាង​ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនាគារជាតិ​នៃកម្ពុជា និង UnionPay នាព្រឹក​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិ​នៃកម្ពុជា (អគារសែនសុខ) រាជធានី​ភ្នពេញ។

ពិធី​ដាក់ឱ្យ​ដំណើរការ​ដំណាក់កាល​ទី ២ បាគងស្កេន UnionPay នេះ បានប្រព្រឹត្តិ​ទៅក្រោម​អធិបតីភាព​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា និងមាន​វត្តមាន​ចូលរួម​ពីលោក Larry Wang អគ្គនាយក​និងជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន UnionPay International លោក Ho Wai Man ប្រធាន​គ្រប់គ្រង​ទូទៅ​នៃគ្រឹះស្ថាន​ផ្តល់សេវា​ទូទាត់​តាមកាត Bank of China Credit Card (International) តំណាង​ស្ថានទូតចិន​ប្រចាំកម្ពុជា និង ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូបទៀត។

តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​ក្នុងដំណាក់កាល​ទី ២ នេះ ប្រជាជន​កម្ពុជា​អាចទូទាត់​ឆ្លងដែន​ដោយស្កេនឃ្យូអរកូត​នៅក្នុង​ប្រទេសចិន និងបណ្ដា​ប្រទេស​ផ្សេងទៀត តាមរយៈ​បណ្ដាញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ UnionPay និង QR របស់​ក្រុមហ៊ុន WeChat Pay។

គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍ​ការទូទាត់​ឆ្លងដែននេះ ក៏នឹង​ផ្ដល់នូវ​កាលានុវត្តភាព​សម្រាប់​ការពង្រីក​សកម្មភាព​ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង បង្កើន​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន ដូចជា​ប្រតិបត្តិការ​ផ្ទេរប្រាក់​ផងដែរ។ ការណ៍នេះ​រួមចំណែក​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ និងលើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ សំដៅ​រក្សា​បាននូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

បាគងស្កេន UnionPay ដំណាក់កាល​ទី ១ បានដាក់ឱ្យ​ប្រើប្រាស់​ដោយជោគជ័យ​កាលពី​ខែធ្នូ ឆ្នាំ២០២៣៕

你可能还喜欢