ចិនបង្ហាញចំណាប់អារម្មណ៍នាំយកស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

នាព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគ​ចិនចំនួន ១៩ ក្រុមហ៊ុន ដឹកនាំ​ដោយលោក លីវ យ៉ុង (Liu Yong) ប្រធាន​សមាគម​អ្នកវិនិយោគ​វ័យក្មេង​នៅទីក្រុង​ឃុនមីង ខេត្តយូណាន សាធារណរដ្ឋ​ប្រជាមានិតចិន ដោយមានការ​សម្រប​សម្រួល​ពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា។

ក្រុមហ៊ុន​ទាំង ១៩ នេះ​មានសកម្មភាព​វិនិយោគ​ក្នុងវិស័យ​កសិកម្ម សុខាភិបាល សំណង់​និងអចលនទ្រព្យ បច្ចេកវិទ្យា ថាមពល បោះពុម្ព​និងវេចខ្ចប់ ម្ហូបអាហារ សណ្ឋាគារ​និងបដិសណ្ឋារកិច្ច ការគ្រប់គ្រង​ធុរកិច្ច ការផ្តល់​សេវា​ប្រឹក្សា​ផ្នែកច្បាប់ លក់និង​សេវា​ថែទាំ​រថយន្ត និង ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ សមាគម​អ្នកវិនិយោគ​វ័យក្មេង​នៅខេត្តយូណាន មានសមាជិក​សរុប​ចំនួន​ប្រមាណ ១៥០០ សហគ្រាស ដែលមាន​មុខសញ្ញា​អាជីវកម្ម​ក្នុងវិស័យ​ផ្សេងៗ​ពីគ្នា ហើយសហគ្រាស​ទាំងនោះ​កំពុង​មានបំណង​ពង្រីក​ការវិនិយោគ​របស់​ខ្លួននៅ​ក្រៅប្រទេស ជាពិសេស​នៅកម្ពុជា។

លោក ជា វុទ្ធី បានលើកទ្បើង​ពីចំណងមិត្តភាព​ដ៏ជិតស្និទ្ធ​ និងយូរអង្វែង​រវាង​កម្ពុជា​ និងចិន ដោយរដ្ឋាភិបាល​ចិនតែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា។ ក្នុងក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការវិនិយោគ កម្ពុជា-ចិន​បានចុះអនុស្សរណៈ​នៃការយោគយល់គ្នា​មួយចំនួន ដូចជា “ច្រករបៀង​ឧស្សាហកម្ម ​និងបច្ចេកវិទ្យា” “ច្រករបៀង​មច្ឆា​និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល” ជាដើម។ លោកក៏បាន​គូសបញ្ជាក់​ពីការវិនិយោគនៅកម្ពុជា ដែលប្រភពទុន​វិនិយោគ​មកពី​ប្រទេស​ចិន បានឈរនៅ​លំដាប់​លេខរៀង​ទី១ ​ឬទី២​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ជាង ១ ទសវត្សរ៍​ចុងក្រោយនេះ ជាក់ស្តែង​ក្នុងឆ្នាំ២០២៤ ការវិនិយោគ​ចិនបាន​រួមចំណែក​ដល់ទៅ​ប្រមាណ ៥០% នៃទុនវិនិយោគ​សរុប។ ទន្ទឹមនឹងនេះ លោកបានធ្វើការ​កត់សម្គាល់​ឃើញថា មានក្រុមហ៊ុន​ចិនធំៗ​ជាច្រើន​បានមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា ​នៅក្នុង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និងការវិនិយោគ​ក្នុងកន្សោម​ឧស្សាហកម្ម​ថ្មីៗ ដូចជា​ការផលិត​សម្បកកង់​រថយន្ត ការផ្គុំដំទ្បើង​បរិក្ខារ​អេទ្បិចត្រូនិក ការកែច្នៃ​ជ័រកៅស៊ូ។ល។

លោក ជា វុទ្ធី ក៏បាន​លើកឡើង​អំពី​ការគាំទ្រ ​និងលើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើគម្រោង​វិនិយោគ​ក្នុងវិស័យ​ស្វាយចន្ទី​នៅកម្ពុជា ជាពិសេស​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​បង្កើត​សួនឧស្សាហកម្ម​ស្វាយចន្ទី ដែលនឹង​ជួយបង្កើន​ភាពអំណោយផល​នៃបរិយាកាស​ធុរកិច្ច​ក្នុងវិស័យ​អាទិភាព​នេះនៅកម្ពុជា។ លោកថែមទាំង​បានបង្ហាញ​ពីខ្សែច្រវាក់​តម្លៃ​ នៃឧស្សាហកម្ម​ស្វាយចន្ទី​ ដែលរាប់​ចាប់តាំងពី​ផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធ​នឹងការ​ប្រមូលទិញ ទីលាន​សម្ងួត និង ឃ្លាំងស្តុក​ទុកគ្រាប់​ស្វាយចន្ទី។ លោកបានស្នើឱ្យ​គណៈប្រតិភូ​ ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​ ក្នុងផ្នែកណាមួយ​នៃខ្សែច្រវាក់​តម្លៃ ​នៃឧស្សាហកម្ម​ស្វាយចន្ទី​នៅកម្ពុជា ឬក៏​ពិចារណា​បណ្តាក់ទុន​វិនិយោគ ​ក្នុងវិស័យ​ផ្សេងទៀត ដូចជា​ការកែច្នៃ​កសិផល ពិសេស​ស្រូវ និងការ​កែច្នៃ​ជ័រកៅស៊ូ​សម្រាប់​ផ្គត់ផ្គង់​ដល់ឧស្សាហកម្ម​ក្នុងស្រុក។

ជាការឆ្លើយតប លោក លីវ យ៉ុង បានបង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការ​សិក្សា​ និងស្វែងរក​អ្នកផ្គត់ផ្គង់​ស្វាយចន្ទី​ដែលមាន​ស្រាប់ ដើម្បី​ធ្វើការ​នាំចេញ​ស្វាយចន្ទី។ កន្លងមក​លោកបាន​ធ្វើការ​ស្វែងរក​អ្នកផ្គត់ផ្គង់​ស្វាយចន្ទី ប៉ុន្តែ​លោកមិន​ស្គាល់ពី​ប្រភព​ និងបណ្តាញ​ច្បាស់លាស់ ហើយឆ្លៀត​ក្នុងឱកាស​នេះ និងតាមរយៈ​ជំនួប​លើកនេះ លោកសង្ឃឹម​ថាភាគីគណៈកម្មាធិការ​វិនិយោគ​កម្ពុជា ពិសេស​លោកអគ្គលេខាធិការ ជា វុទ្ធី ផ្ទាល់តែម្តង នឹងចង្អុល​បង្ហាញ​ពីប្រភព​ច្បាស់លាស់ ដើម្បី​បង្កើន​នូវទំនុកចិត្ត​របស់​លោកបន្ថែមទៀត។

ក្នុងឱកាស​នៃជំនួប​នេះផងដែរ គណៈប្រតិភូ​ដទៃ​ទៀតក៏បាន​ធ្វើការណែនាំ​ពីសាវតារ​របស់​ក្រុមហ៊ុន​នីមួយៗ និងបាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​ជាខ្លាំង៕

你可能还喜欢