សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរសង្ក្រាន្តជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ពុំមែនធ្វើឡើងដើម្បីពង្វក់យុវជនទេ

នាព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ជាការ​ប្រតិកម្ម​តបទៅកាន់​ក្រុមបុគ្គលមួយចំនួនដែលចោទថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តត្រូវបាន​រៀបចំ​ឡើង ដើម្បី​ពង្វក់​យុវជន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានថ្លែងថា នេះជា​ការចោទប្រកាន់ ដែលមាន​ចេតនា​បំផុស​បំផុល ​​ឱ្យមានការ​ភាន់ច្រឡំ​លើការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត។

កាលពី​ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជា​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត បានប្រកាស​ជាផ្លូវការ​ថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំថ្មី» នឹងរៀបចំ​ឡើងរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាស​នៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ នៅទឹកដី​អង្គរ ខេត្តសៀមរាប។

ប៉ុន្តែព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តនេះ ត្រូវបាន​ក្រុម​បុគ្គល​ដែលមាន​និន្នាការ​ប្រឆាំងខ្លះ បានធ្វើការ​​រិះគន់ និងចោទប្រកាន់​ថា ​ជាការ​​ខ្ជះខ្ជាយ​​ថវិកា​ជាតិ ដើម្បី​​តែ​លើក​​មុខ​មាត់​​រាជរដ្ឋាភិបាល ហើយបង្កើត​​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​​នេះឡើង គឺដើម្បី​តែបន្លំ​​កុំ​ឱ្យ​​យុវជន​​ចាប់​អារម្មណ៍​បញ្ហា​សង្គម។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមក​បញ្ជាក់​បន្ថែមថា ការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត គឺដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុងគោលដៅ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប។ ម្យ៉ាងវិញទៀត ការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តនេះ ក៏មិនមែន​ដើម្បី​មុខមាត់​ក្រុមគ្រួសារ​របស់​សម្ដេចដែរ ព្រោះថា​ការរៀបចំ​អង្គរសង្ក្រាន្ត​មិនបាន​ដាក់តាំង​រូបថត​ក្រុមគ្រួសារ​របស់​សម្ដេចឡើយ។ ការរៀបចំ​នេះ គឺកើតចេញ​ពីសរសៃឈាម​នៃសមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលបាន​រៀបចំ​ឡើងអស់​រយៈពេល ១២ ឆ្នាំ​មកហើយ ឆ្នាំនេះ​មិនមែន​ជាលើក​ទី ១ ទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំង​បានអះអាង​ពីការ​ត្រៀម​របស់​កម្ពុជា ដែលកំពុង​រៀបចំ​ឯកសារ​ដាក់ «មហាសង្ក្រាន្តខ្មែរ» ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ហើយការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នេះ ក៏ជា​ផ្នែកមួយ​នៃការជំរុញ​លើកិច្ចការងារ​នេះផងដែរ។

បើតាម​លោក សុខ សប្បាយណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​នៃព្រឹត្តការណ៍​អង្គរសង្ក្រាន្ត បានឱ្យដឹង​កាលពី​ថ្ងៃទី៩ ខែមីនា ២០២៥ ថា អង្គរសង្ក្រាន្ត​ឆ្នាំ២០២៥ នឹងមាន​កម្មវិធី​ចំនួន ៣៨ ក្រុមការងារ​ចំនួន ៣៤ និង យុវជន​ស្ម័គ្រចិត្ត​ចំនួន​ប្រមាណ ៥ ០០០ នាក់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យព្រឹត្តិការណ៍​នេះប្រព្រឹត្ត​ទៅដោយ​រលូន​និងមានភាព​ទាក់ទាញ៕

你可能还喜欢