ស្ពានអាកាសមរតកតេជោ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសមរតកតេជោដែលស្ថិតនៅទីប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ក្នុងទឹកដីខណ្ឌមានជ័យនិងខណ្ឌចំការមន នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (១៤-១៦ មេសា) ខាងមុខនេះ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះថា ការដាក់ស្ពានអាកាសមរតកតេជោឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។
បើតាមព័ត៌មានពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោសម្រេចបាន ៩៩% ហើយ ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
ស្ពានអាកាសមរតកតេជោត្រូវបានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាជាង ៣៦ លានដុល្លារអាម៉េរិក និងចំណាយពេលវេលាសាងសង់ ៣៦ ខែ៕