ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងអនុម័តគម្រោងវិនិយោគធំៗចំនួន ៧ ជាមួយទុនសរុបប្រមាណ ២៤៨ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងចុះបញ្ជីគម្រោងវិនិយោគធំៗចំនួន ៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២៤៨ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានសរុបប្រមាណ ២ ៦០០ កន្លែង។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” លើកទី ៤ ថា គម្រោងវិនិយោគទាំង ៧ នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤ គម្រោង គឺផលិតថ្មម៉ាប ផលិតពិល កែច្នៃស្បែក និង ផលិតប្រដាប់ប្រដានិងគ្រឿងសង្ហារិមក្មេង។ រីឯ ៣ គម្រោងផ្សេងទៀតគឺមានមុខសញ្ញាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមានគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ២០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០០ មេហ្គាវ៉ាត់ និង គម្រោងបង្កើតផែស្ងួត។
គម្រោងវិនិយោគទាំង ៧ នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ដែលអាចបង្កើតឱកាសការងារសរុបប្រមាណ ២ ៦០០ កន្លែង៕