លោក ស៊ុន ចាន់ថុល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពី មន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីលទ្ធផលវឌ្ឍនភាពការងារ ការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗសម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។
ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននេះ គឺផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការនយោបាយ (២) សមត្ថភាពផលិតនិងវិនិយោគ (៣) កសិកម្ម (៤) ថាមពលនិងអភិវឌ្ឍន៍បៃតង (៥) សន្តិសុខ (៦) ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ផែនការសកម្មភាពនេះមានការចូលរួមអនុវត្តដោយក្រសួង ស្ថាប័នចំនួន ២៧។
ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយតំណាងនៃរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានលោក ស៊ុន ចាន់ថុល និងលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសចិន ជាសហហត្ថលេខី៕