ឥណ្ឌាចង់លើកកម្រិតទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែខ្ពស់ថែមទៀត

ប្រទេស​ឥណ្ឌា​មានបំណង​ចង់លើក​កម្រិត​ទំនាក់​ទំនង​ជាមួយ​​កម្ពុជា​ឱ្យកាន់តែ​ខ្ពស់ថែមទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើគ្រប់​វិស័យ ឱ្យកាន់តែល្អប្រសើរ​ឡើងថែមមួយកម្រិតទៀត។

ការលើកឡើង​នេះបានធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ​លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នាព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាសនៃជំនួប លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា បាននាំយក​នូវការ​ផ្ដាំផ្ញើ​ការសួរ​សុខទុក្ខ​ពីសំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌា​ជូនចំពោះ​សម្ដេចធិបតី។ លោកបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ទំនាក់​ទំនង​យូរអង្វែង​រវាង​ឥណ្ឌា​និងកម្ពុជា ដោយបាន​គូសបញ្ជាក់​ថា ប្រទេស​ទាំងពីរ​មានចំណង​មិត្តភាព សាមគ្គីភាព និង ជាប្រពៃណី​ជាយូរណាស់​មកហើយ។

លោកបាន​សង្កត់ធ្ងន់ថា កម្ពុជា​គឺជា​ដៃគូ​ដ៏សំខាន់​មួយរបស់​ឥណ្ឌា ដោយយោងលើ​ទំនាក់​ទំនង​ជាច្រើន​ទសវត្សរ៍ ភាពរីក​ចម្រើន​នៃកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​នានា និងសក្តានុពល​ជាច្រើន​ទៀត ទំនាក់​ទំនង​ឥណ្ឌា-កម្ពុជា​គួរត្រូវបាន​លើកកម្រិត​ឱ្យកាន់តែ​ខ្ពស់ថែម​ទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ល្អប្រសើរ​ថែមមួយកម្រិតទៀត និងជាប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃទំនាក់​ទំនង​កម្ពុជា-ឥណ្ឌា ព្រមទាំង​ថ្លែងអំណរគុណ​រចំពោះ​ដ្ឋាភិបាល​និងប្រជាជន​ឥណ្ឌា ដែលបាន​រួមចំណែក​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​នៅកម្ពុជា ពិសេស​ការបណ្ដុះ​បណ្ដាល​និងកសាង​ធនធាន​មនុស្ស។ សម្ដេច​បានគូស​បញ្ជាក់ថា កម្ពុជា-ឥណ្ឌា​នៅមាន​វិស័យ​សក្ដានុពល​ជាច្រើនទៀត ដែលជា​ឱកាស​នៃការពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ជាផលប្រយោជន៍​ដល់ប្រទេស​ទាំងពីរ។

សម្ដេចធិបតី​ក៏បាន​បង្ហាញនូវ​ជំនឿ​ជឿជាក់ថា តួនាទី​របស់​លោកឯកអគ្គរដ្ឋទូត​នឹងចូលរួម​ចំណែក​បន្ថែមទៀត​ក្នុងការ​ពង្រឹង និងពង្រីក​ទំនាក់​ទំនង​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា បានពិភាក្សា​អំពី​សក្តានុពល​សម្រាប់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ចកម្ម ការវិនិយោគ ការពារជាតិ​និងសន្ដិសុខ ទេសចរណ៍​និងវប្បធម៌ លទ្ធភាព​នៃការ​បង្កើន​ជើងហោះហើរត្រង់​ឥណ្ឌា-កម្ពុជា, ព្រមទាំង​ការជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន ក៏ដូចជា​រវាង​ធុរជន​និងធុរជន៕

你可能还喜欢