នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ពលរដ្ឋគ្រប់រូបត្រូវប្រយ័ត្នចំពោះក្រុមហ៊ុនកម្ចីអនឡាញខុសច្បាប់

ការខ្ចីប្រាក់​តាមរយៈ​កម្ចីអនឡាញ​ខុសច្បាប់ ឬកម្ចី​ដែលគ្មាន​ប្រភពច្បាស់លាស់ គឺងាយនឹង​រងគ្រោះ​ដោយជាប់​បំណុល​វណ្ឌក និងមិនងាយ​ដោះបំណុល​រួចបានឡើយ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា បានសង្កេត​ឃើញថា បច្ចុប្បន្ន​នេះមាន​ជនរងគ្រោះ​ជាច្រើន​បានចាញ់បោក​បទល្មើស​ឆបោក​ប្រាក់កម្ចី​តាមអនឡាញ ដោយជន​អនាមិក​បានបង្កើត​គណនី​ហ្វេសប៊ុក​ឬតេឡេក្រាម ដោយមាន​ដាក់ភ្ជាប់​ឈ្មោះជា​ក្រុមហ៊ុន​ផ្សេងៗ ហើយបាន​បង្ហោះ​ផ្សព្វផ្សាយ ផ្តល់ប្រាក់កម្ចី​ក្រោមលក្ខខណ្ឌ​ផ្តល់កម្ចី​ងាយស្រួល ដើម្បី​ឱ្យជនរងគ្រោះ​មានចំណាប់​អារម្មណ៍ខ្ចី។

នៅពេល​ដែលជនរងគ្រោះ​ទាក់ទង​ទៅដើម្បី​ស្នើសុំ​ខ្ចីប្រាក់ និងបាន​និយាយ​ត្រូវគ្នា ​និងយល់ព្រម​តាមតម្លៃ​ស្នើប្រាក់កម្ចីរួច ជនអនាមិក​ក៏បាន​ឱ្យជនរងគ្រោះ​ថតផ្ញើ​ឯកសារ​មួយចំនួន មានដូចជា​អត្តសញ្ញាណបណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ថតរូប​កាន់អត្តសញ្ញាណបណ្ណ ថតរូប​កន្លែង​ធ្វើការ​ជាដើម។ បន្ទាប់មក ជនអនាមិក​ក៏បានផ្ញើ QR Code មកឱ្យ​ស្កេន ដើម្បី​វេរលុយ​ជាថ្លៃ​រត់ឯកសារ​ឬថ្លៃ​រដ្ឋបាល​ជាដើម។ ក្រោយពី​ជនរងគ្រោះ​បានវេរ​លុយរួច ជនអនាមិក​នោះនៅតែ​បន្ត​ឱ្យវេរលុយ​រហូត ឬក៏បាន​ផ្តាច់ទំនាក់​ទំនង​ និងបាន​លុបសារ​ដែលទំនាក់​ទំនង​ជាមួយ​ជនរងគ្រោះ​ទាំងអស់​ចោលតែម្តង ដោយជនអនាមិក​នោះមិនបាន​ឱ្យប្រាក់​កម្ចី​នោះទេ ថែមទាំង​អាចយក​ឯកសារ​ដែលជនរងគ្រោះ​បានផ្ញើ​ឱ្យនោះ​មកគំរាម យករូបថត​មិត្តភក្កិ បងប្អូន​របស់​ជនរងគ្រោះ​នៅក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ជាដើម យកទៅ​បង្ហោះ​បង្កាច់​បង្ខូចឈ្មោះ​ថាជាជន​ពាក់ព័ន្ឋ​ទៀតផង។

ក្នុងន័យនេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានក្រើន​រម្លឹក​ដល់សាធារណជន ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ គប្បី​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចីតាម​អនឡាញ​ខុសច្បាប់ ដែលបាន​ធ្វើសកម្មភាព​ដូចខាងលើ និងប្រាប់ពី​វិធី​មួយចំនួន​ពីដំណើរការ​នៃការ​ឆបោក។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានបញ្ជាក់ថា វិធី​សង្កេត​ការបន្លំ​ប្រាក់កម្ចី​អនឡាញ​ខុសច្បាប់ ក្រុមជនសង្ស័យ​ទាមទារ​ឱ្យបង់ប្រាក់មុន (​ក្រុមហ៊ុន​ប្រាក់កម្ចី​ស្របច្បាប់​មិនទាមទារ​ឱ្យបង់ប្រាក់​មុននោះទេ)។ ការអនុម័ត​ប្រាក់កម្ចី​ក្រោមលក្ខខណ្ឌ​ងាយស្រួល (គ្មានស្ថាប័ន​ណាដែលអាច​ផ្តល់ប្រាក់​កម្ចី​ដោយគ្មាន​ការត្រួត​ពិនិត្យ​ប្រវត្តិហិរញ្ញវត្ថុ​ទេ)។ គ្មានអាសយដ្ឋាន​ជាក់ស្តែង «ពិនិត្យ​អាសយដ្ឋាន​និងគេហទំព័រ​របស់​ក្រុមហ៊ុន​ប្រាក់កម្ចី​អនឡាញ​មុននឹង​ខ្ចីប្រាក់»។ សំណើ​ឱ្យបង់​ប្រាក់តាម​វិធី​មិនធម្មតា «ការបង់ប្រាក់​តាម QR Code គឺជា​សញ្ញា​សង្ស័យ»។

ដើម្បី​ការពារ​ខ្លួនពីការ​ក្លែងបន្លំ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្នើឱ្យ​ពលរដ្ឋ​ពិនិត្យ​លើក្រុមហ៊ុន ស្វែងរក​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ប្រាក់កម្ចី​អនឡាញ​នោះតាមរយៈ​អាជ្ញាធរ​ហិរញ្ញវត្ថុ។ “មិនបង់ប្រាក់មុន” ក្រុមហ៊ុន​ប្រាក់កម្ចី​ស្របច្បាប់​នឹងមិន​ទាមទារ​ឱ្យបង់ប្រាក់​មុននោះទេ។ អានមតិ​អ្នកប្រើប្រាស់ ស្វែងរក​មតិ​ពីអតិថិជន​អំពី​ប្រាក់កម្ចី​អនឡាញ។ ប្រើប្រាស់​ធនាគារ​ដែលមាន​ការទទួលស្គាល់ ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ដែលមាន​សុវត្ថិភាព។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក៏ស្នើដល់ពលរដ្ឋ មុនធ្វើការ​ស្នើសុំ​ប្រាក់កម្ចី ត្រូវពិនិត្យ​មើលបន្ថែម​តាមរយ:​តំណ​ភ្ជាប់ផ្លូវការ​របស់​ធនាគារជាតិនៃកម្ពុជា https://www.nbc.gov.kh/supervision/commercial_banks.php អំពី​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ដែលមាន​ការទទួលស្គាល់​ពីធនាគារជាតិ៕

你可能还喜欢