សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ក្នុងការជួយសង្គមជាតិនិងប្រជាជន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង​ថា គោរមងារ​ឧកញ៉ា​ផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបាន​ចូលរួម​ចំណែក​ក្នុងការ​ជួយសង្គមជាតិ​និងប្រជាជន ជាគោរមងារ​ដែលមានតម្លៃថ្លៃថ្លា​គួរជាទីគោរព ដូច្នេះ​ក្នុងនាមជា​ឧកញ៉ាត្រូវចេះ​ធ្វើខ្លួន​ឱ្យមានតម្លៃ​ស័ក្តិសម​នឹងគោរមងារ ខិតខំ​ថែរក្សា​កិត្តិនាម កិត្តិយស និង គុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់​បន្ត​ជួយដល់​សង្គមជាតិ​និងគោរមងារ​ដ៏មាន​តម្លៃ​ឱ្យបាន​យូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង​ក្នុងពិធី​​បិទ​សន្និបាត​ប្រចាំឆ្នាំ​លើកទី២ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើក​ទិសដៅ​ផែនការ​ឆ្នាំ២០២៥ របស់​សមាគម​ឧកញ៉ា​កម្ពុជា នារសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្តេច​បាន​ថ្លែងថា គោរមងារ​ឧកញ៉ា​ផ្តល់ជូន​អ្នកមាន​គុណសម្បត្តិ និងដែលបាន​រួមចំណែក​ក្នុងការ​ជួយសង្គមជាតិ​និងប្រជាជន ព្រមទាំង​បានខិតខំ​និងទទួលផល​ពី​ការ​​តស៊ូ​របស់ខ្លួន​ក្រោមសុខសន្តិភាព​របស់​ប្រទេស ហើយការ​រីកចម្រើន​នេះ​មិន​ត្រឹមតែ​សម្រាប់​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​សម្រាប់​ជួយដល់​អ្នកពាក់ព័ន្ធ បុគ្គលិក និងការ​រួមចំណែក​ក្នុងការ​កសាង​​សមិទ្ធផល​សង្គម កិច្ច​ការ​​មនុស្ស​ធម៌ និង ជួយអ្នកដទៃ។ ដូច្នេះ ក្នុងនាម​ជាឧកញ៉ា ត្រូវរក្សា​គុណតម្លៃ​ទាំងនេះ​ឱ្យបាន​ខ្ជាប់ខ្ជួន​និងយូរអង្វែង។

សម្តេច​បានបន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​កិច្ចការទូត​សេដ្ឋកិច្ច ជាកិច្ចការ​អាទិភាព​និងយកចិត្ត​ទុកដាក់ ដោយមិនត្រឹមតែ​ធ្វើការ​ទាក់ទាញ​ក្នុងប្រទេស​ប៉ុណ្ណោះទេ តែក៏បាន​ជំរុញ​ការទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស​ផងដែរ។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់សភាពាណិជ្ជកម្ម​កម្ពុជា​និងសមាគម​ឧកញ៉ា​កម្ពុជា ដែលបាន​ផ្តល់ការ​សហការ គាំទ្រ និង ធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ភ្ជាប់វិស័យ​ឯកជន​ជាមួយ​នឹង​វិស័យ​ឯកជន ដែលបង្កើន​ភាពទាក់ទាញ​និងជំរុញ​ការវិនិយោគ​ឱ្យមានសន្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល​មិនអាច​ធ្វើតែម្នាក់ឯង​បាននោះទេ ពោលគឺ​ដើរតួ​ជាស្ពានភ្ជាប់​ ដាក់ចេញ​នូវគោលនយោ​បាយ និង ​បើកច្រក​ព្រំដែន ឯវិស័យ​ឯកជន​គឺជា​អ្នកឆ្លើយឆ្លង​ជាមួយ​នឹងវិស័យ​ឯកជន និងបន្ត​​ទំនាក់​ទំនង​ប្រទាក់ក្រឡា។ យើងទាំងអស់គ្នា​ត្រូវប្រើប្រាស់​កម្លាំង​សរុប ទើបអាច​ទាក់ទាញ​វិនិយោគិនបាន ព្រោះវិស័យ​ឯកជន​ជឿជាក់​វិស័យ​ឯកជន។ ជាក់ស្តែង​ក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​ការស្នើសុំ​និង​អនុម័ត​​គម្រោង​ជាផ្លូវការ​បានចំនួន ៤១៤ គម្រោង ស្មើនឹង​ទឹកប្រាក់​ជាង ៦,៨ ប៊ីលាន​ដុល្លារអាម៉េរិក គឺជាឆ្នាំ​ដែល​មាន​ការ​វិនិយោគ​ច្រើន​ជាងគេ​មិនធ្លាប់មាន​នៅកម្ពុជា។

សម្តេចបានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា​នឹងបន្ត​ផ្តល់ការ​លើក​ទឹកចិត្ត​និងបង្កលក្ខណៈ​ងាយស្រួល​​សម្រាប់​វិស័យឯកជន ដែលវិនិយោគ​​លើការវិនិ​យោគ​​ផលិតផល​គាំទ្រ​ខ្សែច្រវាក់​ផលិតកម្ម ដើម្បី​ធានា​ដល់និរន្តរភាព​និងកម្លាំង​នៃការផលិត​ក្នុងស្រុក​​ឱ្យ​កាន់តែ​សកម្ម មានតម្លៃទាប​និងប្រសិទ្ធភាព​ខ្ពស់ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ក្នុងស្រុកផង​និងការ​នាំចេញផង។

យោងតាម​ទិន្ន័យ​ពីឆ្នាំ១៩៩៥ មក កម្ពុជា​មានឧកញ៉ា​ចំនួន ១ ៩៤៧ រូប ក្នុងនោះ ១៤០ រូបត្រូវបាន​លុបឈ្មោះ​ចេញពី​គោរមងារ ហើយក្នុងចំណោម​នោះឧកញ៉ា​ខ្លះប្រព្រឹត្ត​បទល្មើស ដែលនាំឱ្យ​ប៉ះពាល់​ដល់កិត្តិយស​ថ្លៃថ្នូរ។ សម្តេចបាន​ណែនាំ​ឱ្យធ្វើ​បច្ចុប្បន្នភាព​គោរមងារ​ឧកញ៉ា ទោះបីជា​ឧកញ៉ា​នោះមិនមែន​សមាជិក​របស់​សមាគម​ឧកញ៉ា​ក៏ដោយ។ អ្នកដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​គឺអាចស្នើសុំ​គោរមងារ ប៉ុន្តែ​ត្រូវមាន​ការវាយតម្លៃ ដើម្បី​រួមគ្នា​​ថែរក្សា​នូវអភិក្រម ក៏ដូចជា​ការសាមគ្គី​ឯកភាពគ្នា​ក្នុងនាមជា​ជាតិមួយ​វិស័យឯកជន​និងរដ្ឋ៕

你可能还喜欢