សម្ដេចតេជោ ហ៊ុន សែន៖ អតុល្យភាពពាណិជ្ជកម្មកម្ពុជាជាមួយចិន ដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមខ្ពស់ពីចិន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានធ្វើការពន្យល់ពីអតុល្យភាពនៃពាណិជ្ជកម្មរវាងកម្ពុជានិងចិនថា ដោយសារកម្ពុជាត្រូវការវត្ថុធាតុដើមលើផ្នែកកាត់ដេរច្រើនពីប្រទេសចិន ដូច្នេះប្រាកដណាស់វានឹងកើតមានអតុល្យភាពពាណិជ្ជកម្មរវាងកម្ពុជានិងចិន។ ប៉ុន្តែទន្ទឹមនឹងនេះ កម្ពុជាក៏បាននាំចេញទៅកាន់បរទេសច្រើនដូចគ្នា។
ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោយបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោបានលើកឡើងថា ក្រឹត្យក្រមសេដ្ឋកិច្ចគឺតម្រូវឱ្យមានសេចក្ដីត្រូវការនិងការផ្គត់ផ្គង់ ដោយសារតែមានការនាំចូលវត្ថុធាតុដើមពីប្រទេសចិននេះហើយ ទើបប្រទេសកម្ពុជាអាចប្រែខ្លួនពីប្រទេសដែលពឹងផ្អែកលើការនាំចូលសុទ្ធ ទៅជាប្រទេសដែលអាចផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសវៀតណាមនិងម៉ាឡេស៊ី ច្រើនជាងវៀតណាមនិងម៉ាឡេស៊ីនាំចូលមកកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់សមាគមឧកញ៉ាកម្ពុជានិងសភាពាណិជ្ជកម្មកម្ពុជា បន្តអនុវត្តនូវការរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មីសម្រាប់កម្ពុជា។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០២៤ សម្រេចបាន ១៥,១៩ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះទំនិញចិននាំមកកម្ពុជាមានចំនួន ១៣,៤៤ ប៊ីលានដុល្លារ កើនឡើង ២៤,៦% ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិនមានចំនួន ១,៧៥ ប៊ីលានដុល្លារ កើនឡើង ១៨,៤%។ ទិន្នន័យនេះសបញ្ជាក់ឱ្យឃើញថា ជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២៤ មានឱនភាពប្រមាណ ១១,៦៩ ប៊ីលានដុល្លារ ខណៈកាលពីឆ្នាំ២០២៣ មានចំនួន ៩,៣១ ប៊ីលានដុល្លារ៕