ភ្នំខ្នងផ្សារនឹងប្រែមុខមាត់ថ្មី ក្រោយដំណើរទស្សនកិច្ចផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជា
គម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ត្រូវបានលុបចោលតាមរយៈការដកមកវិញនូវដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំនេះឡើយ។ នេះជាការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួងនៃក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង ៤ ដោយប្រគល់ដីចំនួន ៤០ ហិកតាជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍។
បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ក្រុមការងារអន្តរក្រសួងនៃក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានពិភាក្សានិងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង ការរៀបចំធុងសំរាម ផ្លូវឡើងភ្នំសម្រាប់យានជំនិះ អង់តែនសេវាទូរសព្ទ ទីតាំងចំណត បន្ទប់ទឹក ទីតាំងសម្រាប់លក់អាហារនិងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់គោលការណ៍ចម្បង គឺ “ការធ្វើឱ្យប្រសើរឡើងក្នុងតំបន់ភ្នំខ្នងផ្សារនេះ គឺត្រូវគិតគូរពីសោភ័ណភាពនិងរក្សាភាពដើមនៃធម្មជាតិក្នុងតំបន់” ដោយគម្រោងរៀបចំបន្ថែមទាំងអស់ គឺឈរលើគោលការណ៍នេះជាគ្រឹះដ៏រឹងមាំ ដើម្បីជួយពង្រឹងដល់សហគមន៍និងផ្តល់ភាពងាយស្រួល សំដៅទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិឱ្យបានកាន់តែច្រើន ដោយអាចក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ចប្រជាសហគមន៍ឱ្យកាន់តែធូរធារផងដែរ៕